ត្រីស្រកាក្តាមក្រហម ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានចេញផ្សាយ ព័ត៌មានផ្លូវការរបស់ខ្លួននៅចុងសប្តាហ៍មុននេះថា ត្រីស្រកាក្តាមក្រហម ដែលជាប្រភេទត្រី ទឹកសាប មានរស់នៅស្ទើរគ្រប់កន្លែង តាមស្ទឹង អូរ ប្រឡាយ ព្រែក បឹង និង អាងស្តុក ទឹកធម្មជាតិដែលមានទឹកហូរយឺតៗ ឬទឹកនឹងនៅក្នុងប្រទេសកម្ពុជា។

ត្រីស្រកាក្តាមក្រហម មានឈ្មោះវិទ្យាសាស្ត្រ (Cyclocheilichthys apogon) និង ឈ្មោះជាភាសាអង់គ្លេស Beardless barb មានប្រវែងដងខ្លួនអតិបរមាសរុប ២៨,៧ ស.ម និងទម្ងន់អតិបរមា ៣៤០,៦០ ក្រាម។ ត្រីនេះគ្មានពុកមាត់ វាមានស្នាមអុតខ្មៅធំមួយនៅ គល់កន្ទុយ។ មានស្នាមអុតខ្មៅជាជួរ នៅតាមបណ្តោយជួរស្រកា និងជាទូទៅ មានព្រុយ ពណ៌ក្រហម ត្រីប្រភេទនេះ ធ្វើចរាចរផ្លាស់ទីចូលទៅក្នុងតំបន់វាលទំនាប លិចទឹក។ វាពង-កូននៅក្នុងរដូវទឹកឡើងខ្លាំង ចាប់ពី ខែកញ្ញា ដល់ខែតុលា ស្របពេលដែលទឹកកំពុង ឡើងខ្លាំង និងចាប់ផ្តើមស្រកទៅវិញ។

ត្រីស្រកាក្តាមក្រហម ស៊ីខ្ចៅ ខ្យង សត្វល្អិតរស់ក្នុងទឹក ប្លង់តុងរុក្ខជាតិតូចៗ ដែលតោង ជាប់នឹងស្លឹក មែក និងឫសរុក្ខជាតិដុះក្នុងទឹក។ ត្រីស្រកាក្តាមក្រហម ត្រូវបានគេកត់ត្រាចូល ក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីមានការព្រួយ បារម្ភតិចតួច យ៉ាងណាមិញកត្តាប្រឈមមួយចំនួន នាំឱ្យចំនួនប្រភេទត្រីនេះឈានទៅកាន់ ភាពងាយរងគ្រោះ៕

ដោយ ណយ នឿន (ប្រភព៖ Wonders of the Mekong)