រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ​គម្រប់ខួប៧ឆ្នាំ

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃ​ចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​១​៤​ ខែតុលា​ ឆ្នាំ២០១​៩នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ​បានរៀបចំប្រារព្ធ​ពិធី​​គោរពព្រះ​​វិញ្ញាណ​ក្ខ​ន្ធថ្វាយ ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់​ខួប ៧ឆ្នាំ ក្រោមវត្តមាន​ ​​ ​ ឯកឧត្ដម ​ខេង​ ស៊ុម ​ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ ​​និង​មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់​​​ថ្នាក់ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ​ព្រះសង្ឃ​ តាជី យាយ​ជី សិស្សានុសិស្ស​ ​យ៉ាងច្រើនកុះករ​ ​នៅសាលាប្រជុំសាលាខេត្ត​។
​ ការប្រារព្ធពិធីនេះបានធ្វើឡើងដោយមានការនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូលតាមបែប​ព្រះពុទ្ធសាសនា​ជាតិខ្មែរ​ ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ ​ ក្នុងឱកាសនោះឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្ត​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍​​ថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋជាកូន ចៅ ចៅទួតទាំងអស់ក្នុងខេត្តបន្ទាយមានជ័យសូមចូលរួមក្នុងភាពក្រៀមក្រំលំឱន​កាយវាចា ចិត្តគោរពព្រះវិញ្ញាណក្ខន្ធ ​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ​ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត និងចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនោះ ហើយមានឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិរហូតដល់​សព្វថ្ងៃនេះ។
​​ ឯកឧត្តមបន្តទៀតថាថ្វីបើព្រះរូប ព្រះកាយរបស់ព្រះអង្គ យាងទៅកាន់បរលោក​ទៅហើយក្តីប៉ុន្តែព្រះរាជលំអានព្រះវីរគំរូដ៏ឆ្នើមក្នុងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់​អង្គសម្តេចឪជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចកាលក្នុងមនសិការ និងឆន្ទៈរបស់ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ដែលជាកូនចៅ​ចៅទួតមិនអាចបំភ្លេចបានឡើយ​។សូមបញ្ជាក់ថា ​ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃច័ន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​៕

ដោយឈុនសារ៉ាត