ឯកឧត្ដម ពេជ្រ ប៊ុនធិន នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេនៅស្រុកឆ្លូង

AKP ក្រចេះ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ -ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេចំនួន ១៨ គ្រួសារនៅឃុំឆ្លូង ស្រុកឆ្លូង កាលពីថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥ ៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ។

លោក ហេង សុថា អភិបាលស្រុកឆ្លូង និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា កាលពីវេលាម៉ោង ៦.៣០ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីបាក់ស្រុតច្រាំងទន្លេប្រវែង ៤០០ម៉ែត្រ បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិកោះកណ្ដុរ ភូមិកណ្ដាល និងភូមិជ្រោយថ្មក្រោម ឃុំឆ្លួង ស្រុកឆ្លួង បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៣២ខ្នងផ្ទះបាក់ស្រុត ដែលក្នុងនោះផ្ទះចំនួន ៤ខ្នងបានបាក់ស្រុតរលំទាំងស្រុងចូលទៅក្នុងទន្លេ និងប្រមាណ ២៨ខ្នងទៀត បានរងប៉ះពាល់ដែលត្រូវរើចេញជាបន្ទាន់ ។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ដោយការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្ដាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់សុខទុក្ខប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺសម្តេចតែងតែបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ច ពិសេសក្នុងគ្រាលំបាកគ្រប់បែបយ៉ាង ។

ឯកឧត្តមកិត្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឆ្លើយតបនឹងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេ រោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ជាពិសេសជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ បាក់ច្រាំងទន្លេ និងបាតុភូតធម្មជាតិ ជាដើម។

អំណោយដែលត្រូវផ្តល់ជូននាពេលនោះសម្រាប់ជនរងគ្រោះដោយការខូចខាតផ្នែកខ្លះនៃផ្ទះសម្បែងចំនួន ១៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ឃីតមួយ(សារុង១ មុង១ ភួយ១ ក្រមា១) មី១កេស ត្រីខ ១០កំប៉ុង តង់១ ទឹកត្រីនិងទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៨ម៉ឺនរៀល។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋរងគ្រោះបាក់រលំផ្ទះទាំងស្រុងចំនួន ៤គ្រួសារ គឺក្នុងមួយគ្រួសារៗបានទទួលអំណោយឧបត្ថម្ភមាន អង្ករ ២៥គីឡូក្រាម ឃីត១ មី១កេស ត្រីខ ១០កំប៉ុង តង់១ ទឹកត្រីនិងទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល ។

ជាមួយគ្នានេះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានផ្តល់អំណោយផ្ទាល់ខ្លួនបន្ថែមទាំង ១៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស និងត្រីខ ១០កំប៉ុង ផងដែរ ៕

ដោយ ជួន សុជាតិ