ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុង ខេត្តព្រះសីហនុ  នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានធ្វើបទបង្ហាញពិសកម្មភាពការងាររបស់កំពង់ផែ បានចាប់ផ្តើមសាងសង់ នៅឆ្នាំ១៩៥៣ ប្រទេសជាតិទទួលបានឯករាជ្យ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦០ មកដល់បច្ចុប្បន្ន កំពង់ផែទទួលបានដៃគូរវិនិយោគពីជប៉ុន JICA អភិវឌ្ឍន៍ផែក្នុងជំហានទី ៣,៤,៥,៦ និង៧ ចំពោះជម្រៅទឹកមិនជាបញ្ហាទៀតទេ។ កំពង់ផែមានសេវាកម្មនាំនាវាចេញ ចូល សេវាស្តប់ទំនិញ សេវាតំបន់សេដ្ឋកិច្ចពិសេស និងសេវាកម្មមូលដ្ឋានផ្គត់ផ្គង់។ បរិមាណទំនិញឆ្លងកាត់ ២០១៨ កើន២២ភាគរយ ហើយការនាំចូលច្រើនជាងកានាំចេញ ក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ក្នុងឆ្នាំ២០១៨ ធៀបនឹង២០១៧ កើន ១៧.៧ភាគរយ។

៩ខែដើមឆ្នាំ២០១៩នេះ ទំនិញឆ្លងកាត់កើន ១៨ភាគរយ ធៀបនឹង ៩ខែ ២០១៨ មានការកើនខ្លាំងរយ:ពេល ៣ខែចុងក្រោយនេះ។ បញ្ហាប្រឈមចាប់ផ្តើមស្ទះបណ្តើរៗ ព្រោះផែយើងអាចផ្ទុកកុងតឺន័របាន ១៣.០០០ស៊ីអីយូ ដោយសារតែតម្លៃជួលដីខាងក្រៅថ្លៃ និងស្ទះចរា ចរណ៍ផ្លូវជាតិលេខ ៤ផង កុងតឺន័រមួយចំនួនអត់យកចេញ វាបានឡើងរហូត ២៧.០០០ស៊ីអីយូ ពេញផែតែម្តង យើងមានមោទនភាព ព្រោះទំនិញឆ្លងកាត់មានការកើន ឡើងជាបន្តបន្ទាប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្តាប់បាយការណ៍វឌ្ឍនភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសក្តានុពលទាក់ទាញអ្នកវិនិយោគិន ដើម្បីបង្ហាញដៃគូវិនិយោ គដើម្បីយើងមានមូលដ្ឋានក្នុងការចែលរំលែកព័ត៌មានទៅដៃគូ របស់យើងអំពីសកម្មភាពនានាក្នុងប្រតិបត្តិការរបស់កំពង់ផែនាពេលបច្ចុប្បន្ន  និងបាន កោតសរសើរដល់ថ្នាក់ដឹកនាំកំពង់ផែ ពិសេសបានជួបជាមួយបុគ្គលិក កម្មករកំពង់ផែទាំងអស់ ខិតខំបំពេញការងារធ្វើឱ្យកំពង់ផែទទួលបានទំនិញ ឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថា នៅឆ្នាំខាងមុខកំពង់ផែទាក់ទាញ ទំនិញឆ្លងកាត់បានកាន់តែច្រើនបន្ថែមទៀត៕

ដោយ ងូ សុមុនី