រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖  ព័ត៌មានក្លែងក្លាយនឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនមានការប្រុងប្រយ័ត្នទេនោះ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ  បានជំរុញឱ្យមន្ត្រីព័ត៌មាន ឈ្វេងយល់ អំពីរបៀបសរសេរសារព័ត៌មាន ពិសេសការរៀនពីរបៀបយកព័ត៌មាន ដោយប្រើប្រាស់ ទូរស័ព្ទ Smart Fone  ព្រោះឥឡូវនេះទូរស័ព្ទដៃបានឈានដល់កម្រិតមួយ ដែលអាចប្រើ សម្រាប់ថតផ្សាយតាមទូរ​ទស្ស​ន៍ក៏បាន ថតផ្សាយកាសែតក៏បាន។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពី សារព័ត៌មានជីឌីថល និងការ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ថ្ងៃនេះយើងរៀនពីព័ត៌មានជីឌីថល ដែលហៅថា សកម្មភាពថ្មីនៃទសវត្សរ៍ទី២១ “ជាទសវត្សរ៍នៃសេដ្ឋកិច្ចពុទ្ធិ” ជាទសវត្សរ៍នៃលំហូរ​ព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅចុងទសវត្សរ៍ទី២០ នៅពេលដែល អ៊ីនធឺណិតកើតឡើង ទាមទារមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីតាមដាន ពិនិត្យធ្វើការសម្រេច ផ្សេងៗ ​ធ្វើជាមូលដ្ឋានត្រិះរិះពិចារណា។ ព្រោះថានៅពេលដែលអ៊ីនធឺណិតកើតឡើងព័ត៌មាន សម្បូរណ៍បែបបានប្រជែងគ្នា មានទាំងព័ត៌មានពិត ព័ត៌មានក្លែងក្លាយបង្ហោះតាមអ៊ីនធើ ណេត។ ប៉ុន្តែព័ត៌មានក្លែងក្លាយវានឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនប្រយ័ត្ន ទេនោះ ដែលនេះជាការសំខាន់ ដែលយើងត្រូវឈ្វេងយល់អំពីព័ត៌មាន។ ដូចកាលសម័យអ៊ី មែលយើងផ្អើលដុតស្ថានទូតថៃ។ ឥឡូវសម័យ Facebook បានថយបន្តិចហើយ ដល់រឿង Youtube មានគេជឿច្រើនដោយសារ YouTube មានរូបជាក់ស្តែង អ្នកមិនចេះអក្សរក៏ អាចមើលបាន។ ប្រការនេះមន្ត្រីព័ត៌មានត្រូវឈ្វេងយល់អំពីដំណឹង ការស្រាវជ្រាវប្រភព ដំណឹង គឺជាការសំខាន់បំផុត ហើយដំណឹងត្រូវឱ្យមានការប្រទាក់ក្រឡាគ្នា។ ចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ យើងអាចបន្សាបបាននៅពេលណាយើងយក ព័ត៌មានពិតមកបន្សាប ប៉ុន្តែបើយើងនៅរងចាំយូរពេក រហូតដល់ព័ត៌មានឆេះ ទើបយើងរត់ ទៅរកទឹកមួយកំប៉ុងយកទៅចាក់ គឺវាមិនរលត់ទេ  ដូចដែលក្រសួងតែងតែណែនាំគ្រប់មន្ត្រី ព័ត៌មានគឺត្រូវតែប្រតិកម្មឱ្យបានរហ័សបំផុត នៅពេលដែលឃើញព័ត៌មានក្លែងក្លាយ ត្រូវតែមានការប្រុងប្រយ័ត្ន ពិសេសនៅពេលជិតដល់ពេលបោះឆ្នោតមាន ព័ត៌មានក្លែង ក្លាយច្រើន វិធីបន្សាបដំណឹង ក្លែងក្លាយ គឺមានតែវិធីយកដំណឹងពិតទៅបន្សាប តែធ្វើយ៉ាងណាឱ្យបានរហ័ស និងទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានឱ្យដឹងដែរថា ជាបន្តបន្ទាប់ទៀតក្រសួងនឹងមាន ការងារទៀត ដើម្បីបើកបណ្តុះបណ្តាលផ្នែកច្បាប់ ដែលមន្ត្រីព័ត៌មានត្រូវតែមានការយល់ ដឹងអំពីអ្វីដែលនៅជុំវិញខ្លួន ពិសេសការយល់ដឹងពីច្បាប់សំខាន់ណាស់។

ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននៃ ក្រសួងព័ត៌មានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពេញមួយថ្ងៃ ដោយមានសិក្ខាកាមសរុបចំនួន៧៧រូប ក្នុងនោះសិក្ខាកាម ៤៩រូប មកពីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ២៨រូប។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើបទបង្ហាញ ពាក់ព័ន្ធស្ថានភាពសារព័ត៌មាននៅកម្ពុជា និងពិភពលោក ការផ្លាស់ប្តូរព័ត៌មានប្រពៃណី ទៅជាព័ត៌មានជីឌីថល និងទស្សនាវីដេអូខ្លីៗ ស្តីពីសារព័ត៌មានជីឌីថល និងបទបង្ហាញស្តីពី របៀបសរសេរព័ត៌មានជីឌីថល អ្វីជាព័ត៌មាន ជាដំណឹង ប្រភេទនៃសារព័ត៌មាន និងរចនាសម្ព័ន្ធសារព័ត៌មាន បទបង្ហាញស្តីពីអក្ខរភាព ប្រព័ន្ធផ្សព្វផ្សាយជីឌីថលនៃប្រព័ន្ធផ្សព្វផ្សាយ ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការវាយតម្លៃប្រភពព័ត៌មាន ប្រភពឯកសារ និងប្រភពអ៊ីនធឺណិត៕

ដោយ ប៉ាល់ សុង