អង្គការ WCS លែងសត្វកន្ធាយក្បាលកង្កែបចូលទន្លេមេគង្គ និងដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារអភិរក្សកន្ធាយក្បាលកង្កែប នៅតាមបណ្តោយដងទន្លេមេគង្គ ក្រចេះ

AKP ក្រចេះ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ -អង្គការសមាគមអភិរក្សសត្វព្រៃហៅកាត់ថា WCS បានរៀបចំបើកសិក្ខាសាលាស្ដីពីផែនការគ្រប់គ្រង ការងារអភិរក្សសត្វគន្ធាយក្បាលកង្កែប និងបានធ្វើពិធីលែងសត្វកន្ធាយក្បាលកង្កែបចំនួន ៥ក្បាលចូលក្នុងទន្លេមេគង្គ នៅចំណុចកោះដុះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ។

ពិធីនេះគឺមានការអញ្ជើញចូលរួមពីលោក ស្រេង សុភាព អភិបាលរងនៃគណៈអភិបាល ខេត្តក្រចេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានរដ្ឋបាលជលផល នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ WCS និងវត្តមានចូលរួមពីអាជ្ញាធរស្រុក ឃុំ និងតំណាងសហគមន៍នេសាទចំនួន១១ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ក្នុងគោលបំណង់ដើម្បីពង្រឹង និងគាំទ្របន្ថែមដល់តំណាងសហគមន៍នេសាទក្នុងកិច្ចការពារ អភិរក្សសត្វកន្ធាយក្បាលកង្កែប ពីកត្តាប្រឈមនានាដែលកំពុងគំរាមកំហែងនាពេលបច្ចុប្បន្ន ។

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងស្អិតល្មួតរវាងរដ្ឋបាលជលផលនិងរដ្ឋបាលថ្នាក់ក្រោម ជាតិ ក្នុងការអភិរក្សសត្វគន្ធាយក្បាលកង្កែបកន្លងមក ហើយបន្តនូវការខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអភិរក្សធនធានដ៏កម្រឱ្យមានប្រសិទ្ធភាពនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹង ត្រែង ដែលជាខេត្តគោលដៅនៃការអនុវត្តគម្រោង ។ លោកបញ្ជាក់ថា តាមរយៈគម្រោងរបស់អង្គការ WCS នឹងធ្វើការសហការជាមួយអង្គការដៃគូរដទៃទៀត ដែលមានវត្តមានក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីលើកជាផែនការក្នុងការគ្រប់គ្រង និងអភិរក្សនូវប្រភេទសត្វកន្ធាយក្បាលកង្កែបនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានរដ្ឋបាលជលផលបានឱ្យដឹងថា សត្វកន្ធាយក្បាលកង្កែប ជាប្រភេទពូជសត្វដ៏កម្រ និងជិតផុតពូជនៅលើសកលលោក ហើយបច្ចុប្បន្នគេរកឃើញមាននៅកម្ពុជា ពិសេសនៅតំបន់ភាគខាងលើនៃដងទន្លេមេគង្គ ក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។  លោកបញ្ជាក់ថា អង្គការ WCS បានសហការជាមួយរដ្ឋបាលជល ធ្វើការអភិរក្សព្រមទាំងបានភ្ញាស់និងលែងកូនកន្ធាយក្បាលកង្កែបប្រមាណជាង ១ម៉ឺនក្បាលរួចហើយចូលក្នុងទន្លេមេគង្គក្នុងតំបន់ទាំងពីរ ។ លោកប្រធាននាយកដ្ឋានជលផល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាសហគមន៍នេសាទនៅតាមមូលដ្ឋាន ឱ្យចូលរួមចំណែកថែរក្សាការពារអភិរក្សនូវប្រភេទពូជសត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទដ៏កម្រនេះឱ្យសម្បូរឡើងវិញ ។

លោក ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះបានមានប្រសាសន៍កោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងយកចិត្តទុកដាក់ពីសំណាក់អង្គការ WCS និងអង្គការដៃគូនានាក្នុងកិច្ចសហការ ការពារអភិរក្សសត្វកន្ធាយក្បាលកង្កែបនៅក្នុងទឹកដីនៃខេត្តក្រចេះ នាពេលកន្លងមកទទួលបានលទ្ធផលគួរជាទីមោទនៈ ។  លោកអភិបាលរងខេត្ត បានជំរុញដល់សហការីរដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ សង្កាត់ ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបន្តសហការជាមួយអង្គការ WCS ក៏ដូចជាអង្គការដៃគូនានាក្នុងកិច្ចការ ពារអភិរក្សសត្វកន្ធាយក្បាលកង្កែបឱ្យបានគង់វង្សយូរអង្វែង ៕

ដោយ ជួន សុជាតិ