រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញាតឱ្យប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបពិភាក្សាលើជំពូកថ្មីស្តីពី “វិស័យធុរកិច្ចកសិកម្ម”

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia) និងសហការី ក្នុងគោលបំណងសំខាន់គឺ ធ្វើការពិនិត្យ និងពិភាក្សាលើជំពូកថ្មីស្តីពី “វិស័យធុរកិច្ចកសិកម្ម” ដែលមាននៅក្នុង The Euro Cham White Book។

ថ្លែងនៅក្នុងជំនួបនោះ Mr. Arnaud Darc បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយ Euro Cham នាប៉ុន្មានឆ្នាំកន្លងមក និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវទស្សនវិស័យ និងគោលនយោបាយសំខាន់ៗសម្រាប់ធ្វើការអភិវឌ្ឍវិស័យធុរកិច្ចកសិកម្មកម្ពុជា។ ថ្មីៗនេះ Euro Cham បានបោះពុម្ពសៀវភៅជាលើកទី០៣ ដែលលើកនេះបានបញ្ចូលជំពូកថ្មីមួយនិយាយអំពី ” វិស័យធុរកិច្ចកសិកម្ម ” ហើយថ្ងៃនេះមានឱកាសបានមកជួបឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិភាក្សាឱ្យបានលម្អិត និងស្នើសុំជួយវាយតម្លៃបន្ថែមលើជំពូកនេះ ធ្វើយ៉ាងណាបង្កើតបរិយាកាសមួយល្អ ក្នុងវិស័យនេះ ដោះស្រាយបញ្ហាជូនធុរកិច្ចជនឱ្យបានសមស្រប ល្អប្រសើរ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង។

លោកបានបន្តថា គណ:កម្មាធិការធុរកិច្ចកសិកម្មរបស់ EuroCham ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ក្រោយពីសមាជិកសភាពាណិជ្ជកម្មបានបង្ហាញពី ចំណាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធវិស័យកែច្នៃចំណីអាហារ និងកសិកម្ម។ នៅក្នុងជំពូកថ្មីនេះ មានប្រធានបទសំខាន់ៗចំនួន៥ រួមមាន៖ ១. សារធាតុហាមឃាត់, ២. ការប្រយុទ្ធប្រឆាំងនឹងសម្ភារៈកសិកម្មខុសច្បាប់, ៣. បទប្បញ្ញត្តិការងារ, ៤. ពិពិធកម្មកសិកម្ម, និងទី៥. ការធ្វើតេស្តទឹកក្នុងវិស័យ កសិកម្ម តាមលក្ខខណ្ឌតម្រូវច្បាប់។ នៅក្នុងប្រធានបទនីមួយៗ គណ:កម្មាធិការធុរកិច្ចកសិកម្ម បានជូនអនុសាសន៍សំខាន់ៗដល់អគ្គនាយកដ្ឋាន ដែលស្ថិតនៅក្រោមដំបូលរបស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណាឱ្យបានស៊ីជម្រៅ និងធ្វើការកែលម្អរាល់ចំណុចខ្វះខាត ឬបញ្ហាផ្សេងៗ ធ្វើយ៉ាងណាលើកកម្ពស់បរិយាកាសការធ្វើធុរកិច្ចកសិកម្មឱ្យបានល្អប្រសើរដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham ជាពិសេស Mr. Arnaud Darc ផ្ទាល់ ដែលបានរៀបចំចងក្រង បោះពុម្ព The EuroCham White Book ជាលើកទី០៣ ដោយរួមបញ្ចូលជំពូកថ្មីមួយទៀតស្តីពី ” ធុរកិច្ចកសិកម្ម ” ស្របពេលដែលក្រសួងកំពុងលើកទឹកចិត្តជំរុញ និងគាំទ្រឱ្យដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ចូលរួមអភិវឌ្ឍន៍វិស័យធុរកិច្ចកសិកម្មនេះ តាមរយ:ការវិនិយោគលើវិស័យផលិតកម្មកសិកម្ម ការកែច្នៃ និងទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ធានាតម្លាភាព និងយុត្តិធម៌ជូនដល់អ្នកផលិត និងអ្នកបរិភោគ។

ចំពោះប្រធានបទទាំង០៥ ខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រតិភូដោយសង្ខេបមួយជំហាន និងបន្ទាប់លោកបានអនុញ្ញាតឱ្យឯកឧត្តម និងអស់លោក លោកស្រី ដែលទទួលបន្ទុកការងារបច្ចេកទេសទាក់ទងនឹងប្រធានបទនេះ បន្តបកស្រាយយ៉ាងពិស្តារជូនក្រុមប្រតិភូបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី នឹងប្រគល់ឱ្យអង្គភាពជំនាញពាក់ព័ន្ធសហការជាមួយក្រុមជំនាញនៃ EuroCham យកទៅពិនិត្យពិចារណា ធ្វើការកែលម្អ និងដោះស្រាយជា               បណ្តើរៗដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស៕

ដោយ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)