កម្ពុជាប្រារព្ធទិវាអន្តរជាតិ សម្រាប់សិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — អង្គការ UNESCO និងស្ថានទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជា មួយអ្នកពាក់ព័ន្ធផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល បានប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិ ទទួលព័ត៌មានជាសកលឆ្នាំ២០១៩ នៅសណ្ឋាការសូហ្វីតែលភ្នំពេញ ភូគីត្រ ក្នុងរាជធានី ភ្នំពេញ។ទិវាអន្តរជាតិម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃទី០៨ ខែតុលានេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោកស្រី Sardar Umar Alan អ្នកតំណាងអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា និងលោកស្រី Camilla Ottosson លេខាទីមួយផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងទីផ្សារការងារ នៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជាផងដែរ។ប្រធានបទ ជាសកលនៃទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានឆ្នាំ២០១៩នេះ គឺ “សិទ្ធិទទួលព័ត៌មាន៖ គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល!” ដែលបង្ហាញអំពីតម្រូវការ ព័ត៌មានដើម្បីទទួលបានការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា និងអាច ឱ្យប្រជាពលរដ្ឋដែលទទួលបានព័ត៌មានធ្វើការតស៊ូមតិ ដើម្បីសិទ្ធិរបស់ពួកគេ។ តាមរយៈនេះ សិទ្ធិទទួលព័ត៌មានមានសារៈសំខាន់ណាស់ សម្រាប់ការសម្រេច ឱ្យបាន ជោគជ័យ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ទាំង១៧ ដែលត្រូវបាន ព្រមព្រៀងជាអន្តរជាតិ។ ទិវានេះជាវេទិកាមួយសម្រាប់លើក កម្ពស់ការយល់ដឹងអំពី សិទ្ធិទទួលព័ត៌មាន សម្រាប់អភិបាលកិច្ចប្រកបដោយតម្លាភាព និងគណ នេយ្យភាព ហើយជាតម្រូវការជាមុនសម្រាប់ការចូលរួមរបស់សាធារណជន ក្នុងការបង្កើតគោល នយោបាយសង្គម និងនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត នៃអភិបាលកិច្ច។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ លើកឡើងទាក់ទងនឹងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានវាធំណាស់។ ក្នុងច្បាប់ចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានព័ត៌មាន បានន័យថាទាំងពលរដ្ឋកម្ពុជា ទាំងជនបរទេស រកស៊ីស្របច្បាប់នៅកម្ពុជា ឬនៅក្រៅប្រទេសក៏ទទួលបាននូវសិទ្ធិពីច្បាប់នេះ ឧទាហរណ៍ថា បើគេចង់សរសេរសៀវ​ភៅ​មួយពីកម្ពុជា គេមានសិទ្ធិទោះបីគេនៅស្រុកក្រៅ តែគេអាចសរសេរមកសុំស្ថាប័នណាមួយដែលគេចង់បានព័ត៌មាន ឬចង់បានពីទិន្នន័យ មួយចំនួន គេមានសិទ្ធិសុំព័ត៌មានបានដូចប្រជាពលរដ្ឋកម្ពុជាដែរ។ អីចឹងសិទ្ធិទទួល បានព័ត៌មានវាធំជាងសេរីភាពសារព័ត៌មានឆ្ងាយណាស់ ហើយ​សិទ្ធិទទួលបានព័ត៌មាន នេះ បានផ្តល់ផលប្រយោជន៍ជាសមោហភាព និងផលប្រយោ​ជន៍ជាបុគ្គល។ ច្បាប់នេះខាងក្រសួងមានសមត្ថកិច្ច ដូចជាក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយគេ ក៏មានច្បាប់ការពារចំពោះអ្នកទទួលផលព័ត៌មានដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់​ថា ច្បាប់ស្តីសិទ្ធិទទួលបានព័ត៌មាននេះ ក្រសួងចង់បញ្ចប់នៅចុងឆ្នាំនេះ។ បច្ចុប្បន្នច្បាប់ស្តីសិទ្ធិទទួលបានព័ត៌មាននេះ ក្រសួងកំពុងរៀបចំដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងឆាប់ៗខាងមុខនេះ។
ឯកឧត្តមសូមថ្លែងអណរគុណដល់អង្គការសង្គមស៊ីវិល ដល់អង្គការស្ថាប័នអន្តរជាតិ ជាពិសេសដល់ប្រទេសស៊ុយអែត ដែលបានជួយផ្តល់ថវិកា និងអង្គការយូណេស្កូ បានជួយផ្នែកជំនាញរៀបចំសេចក្តីព្រាងច្បាប់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរម្លឹកដល់អ្នក សារព័ត៌​មានរបស់យើងត្រូវប្រឹងប្រែងលើកកម្ពស់សមត្ថភាព ជំនាញការងាររបស់ខ្លួន និងសូមណែនាំដល់មន្ត្រីព័ត៌មាននៅគ្រប់ខេត្ត គ្រប់ថ្នាក់សំខាន់ គឺត្រូវប្រុងប្រយ័ត្ន និងធ្វើការឆ្លើយតបឱ្យបានឆាប់រហ័សនូវរាល់ដំណឹងក្លែងក្លាយ។

សូមបញ្ជាក់ថា តាមឯកសាររបស់អង្គការយូណេស្កូបានឱ្យដឹងថា អង្គការយូណេស្កូបានកំណត់ថ្ងៃទី២៨ ខែកញ្ញា ជា “ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល” ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីមានការអនុម័តសេចក្តីសម្រេចមួយ (៣៨C/៧០) ប្រកាសនៅថ្ងៃទី ២៨ ខែកញ្ញា ជារៀងរាល់ឆ្នាំថាជាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល (IDUAI។ IDUAL) មានជាប់ពាក់ព័ន្ធជាពិសេសជាមួយរបៀបវារៈឆ្នាំ២០៣០ ដោយយោងទៅលើគោល ដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDG), ស្តីអំពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ និងការអភិវឌ្ឍបច្ចេកវិទ្យា, SDG ទី១១ ស្តីអំពីការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងបរិស្ថានវិជ្ជមានរវាងទីក្រុង តំបន់ជាយក្រុង និងតំបន់ជនបទ ហើយ និង SDG ទី១៦ស្តីអំពីគំនិតផ្តួចផ្តើមនានា ដើម្បីអនុម័ត និងអនុវត្តន៍រដ្ឋធម្មនុញ្ញ ការធានាគោល នយោបាយ និងការធានាតាមច្បាប់សម្រាប់សិទ្ធិទទួលព័ត៌មាន ជាសាធារណៈ៕

ដោយ ប៉ាល់ សុង