អង្គការ CBN កម្ពុជា ផ្តល់អណ្ដូងស្នប់ចំនួន ១៧បន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — អង្គការ CBN កម្ពុជាបានផ្ដល់អណ្តូងស្នប់ចំនួន ១៧កន្លែងបន្ថែមទៀត ដល់ប្រជាពល រដ្ឋនៅក្នុងខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។ ពិធីប្រគល់អណ្តូងស្នប់ចំនួន១៧កន្លែងនេះ គឺធ្វើឡើងនៅក្នុងបរិវេណសាលាបឋ មសិក្សាទួលទ្រាំង ក្រោមអធិបតីភាពឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន ៣ឃុំ គឺ ឃុំអូរគ្រៀង ឃុំក្បាលដំរី និងឃុំសណ្តាន់ ស្ថិតក្នុងស្រុកសំបូរ។

លោក នៅ រតនា តំណាងអង្គការ CBN កម្ពុជាបានឱ្យដឹងថា អង្គការ CBN កម្ពុជាបានចាប់ដៃគូអភិវឌ្ឍន៍មូលដ្ឋានជាមួយអាជ្ញាធរខេត្តក្រចេះតាំងពីឆ្នាំ២០០៦ រហូត ដល់បច្ចុប្បន្ន ក្នុងគោលដៅធំគឺការចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបានល្អប្រសើឡើង តាមរយៈ នៃការខិតខំផ្ដល់ជំនួយសង្រ្គោះបន្ទាន់ និងយកចិត្តទុកដាក់ចំពោះភាពក្រីក្រ ផ្ដល់ការពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្ដល់ការអប់រំផងដែរ។

លោក នៅ រតនា បានឱ្យដឹងទៀតថា មកដល់បច្ចុប្បន្នអង្គការ CBN កម្ពុជាបានកសាងអណ្តូងស្នប់បានចំនួន១២០អណ្ដូងរួចហើយ ដើម្បីផ្តល់ជូនដល់ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដាច់ ស្រយាលឱ្យពួកគាត់មានទឹកស្អាតប្រើប្រាស់។
ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានសំដែងនូវការអរគុណចំពោះអង្គការ CBN កម្ពុជាដែលបានអភិវឌ្ឍន៍មូលដ្ឋាន និងជួយគិតគូរសុខទុក្ខ ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងទឹកដីខេត្តក្រចេះ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់សម្រាប់ជីវិត រស់នៅរបស់មនុស្សគ្រប់រូប ហើយត្រូវបានគិតគួរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច ជានិច្ចកាលតែងតែបានគិតគួរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ការលំបាករបស់ប្រជា ពលរដ្ឋគ្រប់រូបទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្ដម វ៉ា ថន ក៏បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលបាន អណ្តូងស្នប់នេះហើយ ត្រូវចេះថែរក្សា និងប្រើប្រាស់ដោយមានអនាម័យ និងបរិស្ថានល្អ សម្រាប់សុខភាព រួមនឹងការដាំដុះដំណាំរួមផ្សំផ្សេងៗឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារ និងមូលដ្ឋានរបស់យើងឱ្យមានភាពស្រស់បំព្រងផងដែរ៕

ដោយ​ ជួន សុជាតិ