មន្រ្តីកម្ពុជាចំនួន១៥រូបបន្ថែមទៀត ជ្រើសរើសទៅកាន់ប្រទេសកូរ៉េ ដើម្បី​ចូលរួមវគ្គបណ្តុះ​បណ្តាលស្តីពីការកសាងសមត្ថភាពលើការតាមដាន និងវាយតំលៃ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — មន្ត្រីកម្ពុជាចំនួន១៥នាក់ បន្ថែមទៀត ត្រូវបានជ្រើសរើសឱ្យទៅ ការសិក្សានៅសាធារណ​រដ្ឋកូរ៉េ​សម្រាប់ឆ្នាំទី២ នៃវគ្គបណ្ដុះបណ្ដាលរយៈពេល៣ឆ្នាំ(២០១៨-២០២០)ស្ដីពីការ​កសាង​សមត្ថភាពលើការតាមដាននិងវាយតម្លៃសម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ (រយៈពេល១៣ថ្ងៃ)។ សិក្ខាកាមទាំងអស់គ្រោងនឹងចាកចេញពី​ប្រទេស​កម្ពុជាទៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាម​ការផ្សាយ​របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ(KOICA)។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការបណ្តុះបណ្តាលនេះ​ការិយាល័យ KOICA ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសមុនពេលចេញ​ដំណើរ​សម្រាប់សិក្ខាកាមទាំងអស់ កាលពីថ្ងៃទី០៤ ខែតុលាឆ្នាំ ២០១៩ ក្នុងគោលបំណងផ្តល់​ព័ត៌មាន​ចាំបាច់មួយចំនួនទាក់ទងទៅនឹងការបណ្តុះបណ្តាល ជីវិតនៅប្រទេសកូរ៉េ រឿងរ៉ាវ​សំខាន់ៗរបស់សមាគមអតីតកម្មសិក្ខាការីកម្ពុជាកូរ៉េ ក៏ដូចជាក្រមសីលធម៌នៃកម្មវិធីបណ្តុះ​បណ្តាល។

ជាមួយគ្នានេះ ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស​ជាដៃគូ​របស់ទីភ្នាក់ងារ KOICA អញ្ជើញសិក្ខាកាមដែលមានទេពកោសល្យពីប្រទេសកម្ពុជា​និងជួយពួកគេឱ្យទទួលបាននូវជំនាញ និងប្រព័ន្ធចំណេះដឹង ដែលនឹងដើរតួយ៉ាងសំខាន់​នៅក្នុង​ប្រទេសកម្ពុជា។

សូមរម្លឹកដែរថា ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទីភ្នាក់ងារ KOICA បានផ្តល់កម្មវិធីបណ្តុះបណ្តាលរយៈពេល៣ឆ្នាំ(២០១៨-២០២០)​សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត។

មន្រ្ដីទីភ្នាក់ងារ KOICA បានឱ្យដឹងថា គោលបំណងនៃកម្មវិធីបណ្ដុះបណ្ដាលនេះគឺ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់និងភាពចាំបាច់នៃការតាមដាន និងការវាយតម្លៃ  បង្កើតស្តង់ដារ និងគំរូសម្រាប់ការតាមដាន និង វាយតម្លៃ។ ទន្ទឹមនេះ ពង្រឹងសមត្ថភាពមន្រ្តី និងក្រុមការងារ ដែលទទួលខុសត្រូវការងារតាមដាន និងវាយតម្លៃការអភិវឌ្ឍគម្រោង  ដើម្បី​ជាមូលដ្ឋានចំណេះដឹងក្នុងការបង្កើតយន្តការស្ថាប័ន និងគោលនយោបាយពាក់ព័ន្ធនឹងការ​តាមដាន និង វាយតម្លៃ។ ពង្រឹងភាពជាដៃគូរវាងកម្ពុជានិងកូរ៉េ តាមរយៈការចែករំលែក​ចំណេះ​ដឹងនិងជំនាញលើការតាមដាន និងវាយតម្លៃ ព្រមទាំងបង្កើតបរិយាកាស ដែលអាច​លើកកម្ពស់បន្ថែមទៀតដល់ការវិនិយោគ និងគម្រោងសហប្រតិបត្តិការជាច្រើនទៀត។

សម្រាប់កម្មវិធីបណ្តុះបណ្តាលឆ្នាំទីពីរ(២) មានគោលបំណងលើកកម្ពស់សមត្ថភាព​វិជ្ជាជីវៈ សម្រាប់បង្កើតប្រព័ន្ធតាមដាន និងវាយតម្លៃ ដែលអនុវត្តន៍ចំពោះវិស័យជាក់លាក់។ លើសពីនេះទៀត វគ្គបណ្ដោះបណ្ដាលឆ្នាំទី២នឹងផ្តោតលើអ្នកឯកទេសលើវិស័យនីមួយៗ។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះដែរ មន្រ្តីរាជការទាំងអស់មកពីតាមក្រសួង ស្ថាប័ន ​ដែលត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាលខាងលើ បានថ្លែងអំណរគុណដល់​ទីភ្នាក់​ងារ KOICA និងរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់វគ្គបណ្តុះ​បណ្តាលនេះ​និងបានបង្ហាញ​ពីការប្តេជ្ញាខ្ពស់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីជំរុញការកសាងសមត្ថភាព និងការយល់ដឹងឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសការ​តាម​ដាន និងវាយតម្លៃ៕

ដោយ អ៊ុន រិទ្ធី