អភិបាលរាជធានីភ្នំពេញ ទទួលទេយ្យទានពីព្រះចៅអធិការវត្ត ស្រះចក ដើម្បីយកទៅបម្រើដល់​សកម្មភាពមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ព្រះចៅអធិការវត្ដវិមានតេជៈ(ហៅវត្ដស្រះចក) បានផ្ដល់ទេយ្យទាន រួមមានសម្ភារ និងថវិកា បើគិតជា​ទឹក​ប្រាក់ប្រមាណ២៤លានរៀល ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជារាជ​ធានី​ភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញ។ ការប្រគល់ និងទទួលទេយ្យទាននេះ បានធ្វើឡើងដោយមានការចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងព្រះចៅ​អធិការវត្ដវិមានតេជៈ ហៅវត្ដស្រះចក និងមានការនិមន្ដចូលរួមពីសំណាក់​សម្ដេច​ឧត្ដមចរិយា ឆឹង ប៊ុនឈា ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ៦កើតខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្ដ វិមានតេជៈ ហៅវត្ដស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ  ។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះព្រះ​ចៅអធិការ វត្ដវិមានតេជៈ ហៅវត្ដស្រះចក សម្ដេចឧត្ដមចរិយា ឆឹង ប៊ុនឈា ដែលបាន​បរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្ដមអភិ​បាល​បាន​បន្ដថា ក្នុងនាមសាខាកាកបាទក្រហមរាជធានីភ្នំពេញ នឹងយកទេយ្យទានទាំងនេះ ទៅធ្វើ​សកម្មភាពឱ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជា តបតាមការណែនាំរបស់សម្ដេច កិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេស យកទៅចែក​ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រ ចាស់ជរា និងក្រុមគ្រួសារមានផ្ទុករោគអេដស៍​ជាដើម។

សម្ដេចឧត្ដមចរិយា ឆឹង ប៊ុនឈា បានមានសង្ឃដីកាថ្លែងនូវអំណរអរគុណចំពោះ​សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយ​ដល់​ប្រជា​ពលរដ្ឋរងគ្រោះងាយរងគ្រោះ​ប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយ​ជានិច្ចជាកាល​សម្ដេចតែងតែជួយដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារ​ការអត់បាយ​នោះ​ទេ។  សម្ដេចឧត្តមចរិយាក៏បានថ្លែងនូវការដឹងគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែល​​ បានយកចិត្តទុកដាក់ ជួយគិតគូរដល់ជីវភាពបងប្អូនណាដែលមានជីវភាពខ្វះខាត ជួបការលំ បាកក្រីក្រ ចាស់ជរា និងក្រុមគ្រួសារ ណាដែលមានផ្ទុករោគអេដស៍។

សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូននេះ រួមមាន៖  សម្ភារប្រើប្រាស់ ផ្ទះបាយ​២១ចានដែកធំ ទឹកដោះគោ៣០០ កំប៉ុង ស្កសរ២០០គីឡូក្រាម មី៥០ កេស ទឹកត្រី២៥យួរ ទឹកស៊ីអ៊ីវ២៥យួរ តែ១.០០០កញ្ចប់ ត្រីខ ២៥កេស គិតជាទឹកប្រាក់មានប្រមាណ​ចំនួន​២៤​លាន​រៀល។

ដោយ សួស សំរិត