ឯកឧត្តម វង្សី វិស្សុត បង្ហាញពីសក្តានុពលរបស់កម្ពុជា នៅវេទិកាហេដ្ឋារចនាសម្ព័ន្ធអាស៊ីឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខា​ធិការ​ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្រិតពិភាក្សា ថ្នាក់ដឹ​ក​នាំ​ស្តីពី “ការ​ពង្រឹងភាពជា​ដៃ​គូ ដើម្បីសម្រេចចក្ខុ- វិស័យហេដ្ឋារចនាសម្ព័ន្ធប្រចាំ តំបន់អាស៊ី” នៅក្នុង “វេទិកាហេដ្ឋារច​នាសម្ព័ន្ធអាស៊ីឆ្នាំ២០១៩” ដែលបា​នប្រព្រឹត្តទៅចាប់​ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។   

វេទិកាឆ្នាំនេះ ត្រូវរៀបចំឡើងក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អនាគត៖ ការបង្កើនគុណភាពនៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ ខ្ពស់របស់រដ្ឋាភិបាល, ធនាគារអភិវឌ្ឍន៍ពហុភាគី, វិស័យឯកជន ព្រមទាំង​ស្ថាប័ន​​ ហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់, ការចែករំលែកបទ ពិសោ​ធ​ន៍​​នៃការអនុវត្តកន្លងមក និងការលើកទឹកចិត្តឱ្យវិស័យឯកជន វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោ​យ​ចីរភាព។

ជាមួយ​ គ្នា​នេះ​ដែរ វេទិកានេះ ក៏ផ្តល់ឱកាសឱ្យវិស័យឯកជនបង្ហាញ និងផ្សព្វផ្សាយ ពីបច្ចេកវិទ្យាទំនើបរបស់ខ្លួន និងរច​នា​​​សម្ព័ន្ធ​ ហិរញ្ញប្បទានថ្មីៗ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នៅក្នុងកិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា គោលបំណងនៃការអភិវឌ្ឍហេដ្ឋា-​រចនាសម្ព័ន្ធ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលអស់រយៈពេលជាង ២០ ឆ្នាំមកនេះ គឺដើម្បីជំរុញ និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម, លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ និងការប្រែ​ប្រួល​ ​អាកាស​ធាតុ។

ទន្ទឹមនេះ ឯកឧត្តមក៏បានបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពនៃការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបានកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧,៦ភាគរយ នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ អត្រានៃភាពក្រីក្រ មានប្រមាណ ៥៣,៥ភាគរយ ក្នុងឆ្នាំ២០០៤ បានធ្លាក់ចុះមកក្រោម ១០ភាគរយ នៅក្នុងឆ្នាំ២០១៨ ហើយមេគុណជីនីដែល បានធ្លាក់ចុះជាបន្តបន្ទាប់ ពី ០,៣៨០ ក្នុងឆ្នាំ២០០៤ និង ០,២៩៥ ក្នុងឆ្នាំ២០១៤ នោះ ក៏កាន់តែមានភាពប្រសើរឡើងថែមទៀតនៅក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យប្រទេសកម្ពុជា មានកម្រិតមេគុណជីនីល្អប្រសើរជាងគេ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានដូចគ្នា។

ចំណែក ទំហំពាណិជ្ជកម្មអន្តរជាតិបានកើនឡើងពី ១៦ ២៧៩ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០១៣ ដល់ ២៥ ០៧០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៧ និងឡើងដល់ប្រមាណ ៣០ ០០០ លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៨។ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំផែនការមេតាមវិស័យ ដូចជា​ការ​តភ្ជាប់​ផ្នែក​គម​នា​គ​មន៍  ថាមពល, ឌីជីថល និងផែនការនគរូបនីយកម្មសម្រាប់ទីក្រុងសំខាន់ៗ ក៏ដូចជាការពង្រឹងយន្តការស្ថាប័ន និងយន្តការគ្រប់គ្រងការវិនិយោគសាធារណៈឱ្យកាន់តែមាំទាំ ដែលជាបច្ច័យនឹងនាំមកនូវ កាលានុវត្តភាពដ៏ច្រើនសម្រាប់ការចូលរួមវិនិយោគពីសំណាក់វិស័យឯកជន ក្នុងការជួយ រៀបចំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍក្នុងយុគសម័យថ្មី។

ឯកឧត្តម វង្សី វិស្សុត ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នាជាមួយនឹងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia – IA) ដើម្បីបង្កើត​ក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការរវាងស្ថាប័នទាំងពីរក្នុងការរៀបចំ និងអភិវឌ្ឍន៍លើគម្រោងស្តារប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះ​សីហនុ។ កិច្ចសហការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ជំរុញការរៀបចំគម្រោង អភិវឌ្ឍន៍ផ្សេងទៀតៗ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងបង្កើនភាពទាក់ទាញពីវិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុទាំងក្នុងតំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនោះ ឯកឧត្តម វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារជាមួយនឹងលោក Xie Duo ប្រធានមូលនិធិផ្លូវសូត្រ (Silk Road Fund​​​​ – SRF), តំណាងធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធ (Asian Infrastructure Investment Bank – AIIB), តំណាងសហគ្រាសសិង្ហបុរី (Enterprise Singapore) ដែលជាស្ថាប័នជំរុញការអភិវឌ្ឍវិស័យឯកជន និង វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសសិង្ហបុរី និងតំណាងក្រុមហ៊ុន InfraCo Asia ដែលជា ក្រុមហ៊ុនឯកជនវិនិយោគលើគម្រោងដែលហានិភ័យខ្ពស់ និងផ្តល់ការ​គាំទ្រផ្នែកហិរញ្ញវត្ថុ​ដល់​ការ​អភិវឌ្ឍ​សំណើគម្រោង ចាប់តាំងពីដំណាក់កាលបឋម នៃ​ការ​រៀប​ចំសំណើគ​ម្រោង៕

ដោយ គង់ សិរីរ័ត្ន