ឯកឧត្ដម ឃួង ស្រេង បើកកិច្ចប្រជុំជាមួយ អាជ្ញាធរ ខណ្ឌ សង្កាត់ ដើម្បីរកវិធីដោះស្រាយការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កង្វល់របស់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កំពុងជួបប្រទះនូវការកកស្ទះចរាចរណ៍ និងសំរាម ខណៈដែលអាជ្ញាធរ បាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះរាល់ថ្ងៃ។

ឯកឧត្ដម ឃួង ស្រេង  បានលើកឡើងបែបនេះ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋានទាំងអស់ និងគ្រប់ស្ថាប័នពាក់ព័ន្ធ  នៅសាលារាជធានីភ្នំពេញ ដើម្បីណែនាំ និងជំរុញឱ្យមានការទប់ស្កាត់ ការរំលោភចំណីផ្លូវ ក្នុងរាជធានី និងគ្រប់គ្រងចំណីផ្លូវ នៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសាធារណៈទាំងអស់ ដែលមានសាងសង់ ស្តារ ថែទាំ ឬពង្រីករួចនាពេលកន្លងមក។ 

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន មានកង្វល់ពីរធំ គឺការស្ទះចរាចរណ៍ និងបញ្ហាសំរាម។ អភិបាលរាជធានីភ្នំពេញ បានដាស់ តឿនដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ ក្នុងការទុកសំរាមឱ្យបានល្អ។

ឯកឧត្ដម ឃួង ស្រេង  បានឱ្យដឹងថា រដ្ឋបាលរាជធានីមិនទាន់ប្រើពិន័យអន្តរក្រសួង លើកិច្ចការងារនេះទេ ដោយលទ្ធភាពក្នុងការប្រមូលសំរាមរបស់យើងនៅមានកម្រិត ដោយ ក្រុមហ៊ុនស៊ិនទ្រីយកសំរាមមិនទាន់បានល្អប្រសើរ។

ឯកឧត្ដមក៏បានស្នើសុំឱ្យ សង្កាត់ ខណ្ឌ ត្រូវបន្ដយកចិត្តទុកដាក់លើបញ្ហានេះ បើទោះបីមិនទាន់ធ្វើការផាកពិន័យយ៉ាងណាក្តី តែត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានជាប្រចាំផងដែរ៕

ដោយ សួស សំរិត