ដើមខែតុលានេះ CDC បានអនុម័តជាផ្លូវការលើគម្រោងវិនិយោគរោងចក្រចំនួនបី តម្លៃជាង ១៥លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអនុម័តជាផ្លូវការនូវគម្រោងវិនិយោគលើរោង ចក្រកាត់ដេរ និងរោងចក្រផលិតកាបូបចំនួន៣ ដែលមានទឹកប្រាក់ជាង១៥,៤លានដុល្លារ អាម៉េរិក នាដើមខែតុលានេះ។

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនទាំងបីនេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនរួមមាន៖ ១-  “GOODMATE (CAMBODIA) HEADWEARS CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៤១០កន្លែង។ ២- “GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ សង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៩១កន្លែង។ ៣- “DI SETA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ និងបូ គ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈII ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.១៤៣កន្លែង៕

ដោយ ម៉ៅ ចរិយា