អាជ្ញាធរជាតិអប្សរា ចូលរួមសម្អាតផ្លូវក្នុងក្រុងសៀមរាប ដើម្បីត្រៀមកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន

AKP សៀមរាប ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃ អាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ បានចុះកាត់ក្រីដើមឈើមាន​ហានិភ័យ សម្អាត និងលាងផ្លូវសំខាន់ៗមួយ​ចំនួននៅរមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បី​លើក​កម្ពស់សោភណភាពបរិស្ថាន ខណៈដែល​កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ នេះបើយោងតាមការ​ផ្សាយ​របស់អាជ្ញាធរជាតិអប្សរា។ ការសម្អាតផ្លូវសំខាន់ៗដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាចុះប្រតិបត្តិការនេះរួមមាន ផ្លូវពីព្រលានយន្តហោះទៅប្រាសាទអង្គរវត្ត ផ្លូវហ្សាលដឺហ្គោល ពីសាលាអន្ដរជាតិ អាយអូអេស ទៅអង្គរវត្ត ផ្លូវពីអង្គរវត្តទៅបា្រសាទបាយ័ន និងពីបាយ័ន​ទៅព្រះលានជល់ដំរី​ជាដើម។ល។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) នេះដែរ រដ្ឋមន្រ្តីបរិស្ថានអាស៊ា​ន​នឹងចូលរួមពិធីដាំកូនឈើជានិមិត្តរូប​នៅសួន​ច្បារមុខប្រាសាទអង្គរវត្ត ដែលសួនច្បារនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួង​បរិស្ថានបានរៀបចំ និងកែលម្អ ដើម្បីលើកតម្លៃអង្គរឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌ ពិភពលោក៕

ដោយ រិទ្ធី