ព្រះករុណា ព្រះមហាក្សត្រ កោតសរសើររដ្ឋសភា រាជរដ្ឋាភិបាល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ -ក្នុងឱកាសបើកបវេសនកាលរដ្ឋសភា ​ដែលប្រារព្ធឡើងក្នុសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ​ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមអបអរសាទរ និងកោតសរសើរ រដ្ឋសភា រាជរដ្ឋាភិបាល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ។

តាមខ្លឹមសារព្រះសារផ្ញើជូនក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ មានខ្លឹមសារថា ខ្ញុំបានសម្គាល់ឃើញថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ រដ្ឋសភា និងរាជរដ្ឋាភិបាល បានកសាងគោលនយោបាយ និងច្បាប់រដ្ឋបានល្អត្រឹមត្រូវ ធ្វើឱ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមរបស់យើង ។ ក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ។ មូលដ្ឋានគ្រឹះនៃជោគជ័យទាំងនេះ គឺជាការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចតាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោនយោបាយ ច្បាប់ និង យុទ្ធសាស្ត្រនានា ដោយបានផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល និងវិស័យអប់រំ ។ល។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតអនុប្រធានទី១ នៃរដ្ឋសភា លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា សម្តេច ឯកឧត្តមលោកជំទាវ ជាប្រធានគណៈកម្មការ និងសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់ ។ការខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការតាមដាននូវសុខទុក្ខ ទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយទៅតាមស្ថានការ ណ៍ ជាក់ស្តែងដោយយកចិត្តទុកដាក់ខ្ពស់ ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោត សរសើរយ៉ាងកក់ក្តៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជ   រដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត និងសក្តានុពល ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្តពុំគិតពីការនឿយហត់ ។

ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតឆ័ត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបដោយសិរីសួស្តី កម្លាំងពលំមាំមួន អាយុយឺនយូរ និងវិបុលសុខគ្រប់ប្រការ ។

នៅទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមប្រសិទ្ធិពរបវរសួស្តី ជ័យមង្គលមហាប្រសើរ ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ មានសក្តានុពលខ្លាំងក្លាបំពេញតួនាទីភារកិច្ចរបស់ខ្លួន បានប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់៕

ដោយ ប៉ាល់សុង