បទយកការណ៍៖ ខេត្តកំពង់ស្ពឺ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយ តាមបែបធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក

AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ — ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្ដទុកដាក់ រួមទាំងអាជ្ញាធរខេត្ដក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំតំបន់ ទេស​ចរណ៍មួយចំនួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិនោះ ជាពិសេស​នាពេលអនាគត សម្រាប់ខេត្ដកំពង់ស្ពឺ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយប្រកប ដោយ​សក្កានុពលក្នុងការ​ទាក់​ទាញ​ភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដ កាន់តែច្រើនថែម​ទៀត។

លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ស្ពឺ បានប្រាប់ទីភ្នាក់ងារសារព័ត៌ មានកម្ពុជា AKP ឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្ដកំពង់ស្ពឺមានរមណីយដ្ឋានទេសចរណ៍សរុបចំនួន ១៦កន្លែង រួមទាំងសហគមន៍ទេសចរណ៍ផងដែរ បន្ទាប់ពីមានការអភិវឌ្ឍ រីកចម្រើនលើហេដ្ឋា​រចនាសម្ព័ន្ធនានាក្នុងខេត្ដ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្ដកំពង់ស្ពឺពីរាជធានីភ្នំពេញ ទៅកាន់ខេត្ដព្រះសីហនុ តែងតែឆ្លៀតពេលចូលកម្សាន្ដនៅតាមរមណីយដ្ឋានមួយចំនួនដែល នៅជិតផ្លូវជាតិលេខ៤ ជាពិសេសសេវាកម្មផ្នែកម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់ ក្នុងការ ទាក់ទាញខុសប្លែកពីមុខម្ហូបរបស់ខេត្ដផ្សេងទៀត។

លោកបានបន្ដថា តំបន់ទេសចរណ៍ក្នុង​ខេត្ដ មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរខុសៗគ្នា ជាក់ស្ដែងដូចជាតំបន់រមណីយដ្ឋាន​ឧទ្យានជាតិគិរីរម្យ ដែលមានរមណីយដ្ឋានចំនួន៤ ក្នុងនោះមានសហគមន៍ទឹកធ្លាក់ចំបក់ រមណីយដ្ឋានអូរសំចត មជ្ឈមណ្ឌលសាសនា និងរមណីយដ្ឋានអេស អេ ថោន ក្នុងការ​ទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យមកកម្សាន្ដបានកាន់តែច្រើន។ លោកបានបន្ថែមថា “រមណីយដ្ឋានឧទ្យានជាតិគិរីរម្យនេះ គឺជាកន្លែងដែលមានអាកាសធាតុត្រជាក់ និងមានព្រៃ​ស្រល់ បើប្រៀបធៀបនឹងខេត្ដផ្សេងគឺមិនមានដើមស្រល់នោះទេ គឺមានដុះតែនៅលើ​ឧទ្យាន​ជាតិគិរីរម្យតែមួយគត់ និងមានផ្ទៃដីលាតសន្ធឹងធំល្វឹងល្វើយ ដែលធ្វើឱ្យអ្នកទេសចរចង់​មកលេង​កម្សាន្ដ”។

ក្រៅពីវិស័យទេសចរណ៍ ខេត្ដក៏មានរោងចក្រមកដាក់ទីតាំងនៅក្នុងខេត្ដ​ដែលមាន​ប្រមាណជាង២០០រោងចក្រ និងមានកម្មករ និយោជិតជាង១០ម៉ឺននាក់ ដែល​ផ្ដល់​ឱកាសការងារច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ដកំពង់ស្ពឺ។ ទន្ទឹមនេះ វិស័យ​ទេសចរណ៍នៅក្នុងខេត្ដក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងខេត្ដ បានជាង​៣.០០០​នាក់។ លោកបានបន្ដទៀតថា ក្រៅពីអាកាសធាតុត្រជាក់ និងទេសភាពដើមស្រល់​នៅ​រមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ក៏មានទឹកជ្រោះធ្លាក់ពីលើភ្នំដែលមានចម្ងាយវែងជាងគេនៅ​តំបន់រមណីយដ្ឋានជ្រាវ។ លោកប្រធានមន្ទីរបានលើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្ដ​បាន​កសាងហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ផ្លូវថ្នល់ទៅដល់តំបន់ទេសចរណ៍ទាំងអស់នោះ  ដើម្បីងាយ​ស្រួលដល់ភ្ញៀវក្នុងការធ្វើដំណើរទៅកម្សាន្ដសប្បាយ។ លើសពីនេះទៀត អាជ្ញាធរខេត្ដ ក៏បាន​រៀបចំព្រឹត្ដិការណ៍ជាច្រើន និងបង្ហាញនូវសេវាកម្មថ្មីៗ នៅតាមរមណីយដ្ឋានទេសចរណ៍​ដើម្បី ទាក់ទាញភ្ញៀវទេសចរ ក្នុងនោះក៏ត្រូវគិតគូរអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការ ពង្រឹងគុណភាពម្ហូបអាហារ សេវាកម្មស្នាក់នៅ ការធ្វើបដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទៅកម្សាន្ដនៅតាមរមណីយដ្ឋានទាំងនោះ។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា “ការលក់ផលិតផលទេសចរណ៍ ការផ្ដល់សេវា​កម្ម​​បាន​ល្អ នឹងធ្វើឱ្យសហគមន៍ទទួលបាននូវចំណូលពីភ្ញៀវទេសចរដែលទៅទស្សនានៅ តំបន់ទាំង​នេះ”។ លោកបានរំពឹងទុកថា តាមរយៈការ​រៀបចំ​​តំបន់រមណីយដ្ឋានទេសចរណ៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធបានរឹងមាំល្អ ការពង្រឹង​គុណភាពម្ហូបអាហារ និងសេវាស្នាក់នៅបានល្អ ព្រមទាំងការធ្វើដំណើរបានងាយស្រួល ភ្ញៀវ​ទេសចរដែលមកកម្សាន្ដនៅខេត្ដកំពង់ស្ពឺ នឹង មានកំណើនកើនឡើងបន្ថែមទៀត។លោកប្រធានមន្ទីរបានបន្ថែមថា “យុទ្ធសាស្រ្ដក្នុងការ ជំរុញឱ្យអ្នកទេសចរ​ក្នុងស្រុ​ក​ចេញដើរកម្សាន្ដ  ដើម្បីគាំទ្រដល់សម្បទានទេសចរណ៍នៅតាម រមណីយដ្ឋាននានាឡើងវិញ ខណៈពេលទេសចរធ្លាក់ចុះក្នុងរដូវភ្លៀងធ្លាក់នេះ”។

លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ស្ពឺ ក៏បានអំពាវនាវ​ដល់អ្នក​ទេសចរក្នុងស្រុកដែលធ្វើដំណើរកម្សាន្ដឆ្លងកាត់តាមខេត្ដកំពង់ស្ពឺកុំភ្លេចចូលមកលេងកម្សាន្ដនៅតាមរមណីយដ្ឋាននានា និងតំបន់សហគមន៍ទេសចរណ៍ដែល​ទើបបង្កើតថ្មីជា​ច្រើន​កន្លែង ដើម្បីចូលមកលេងកម្សាន្ដផង និងភ្លក់រសជាតិម្ជូបអាហារ ផលិតផលពីបងប្អូន​សហ​គមន៍​ នៅតាមតំបន់ទេសចរណ៍ដែលមានរសជាតិឆ្ងាញ់ និងចេញពីធម្មជាតិពិតៗ ជា​ពិសេសជួយ​ចូលរួមគាំទ្រដល់ផលិតផលរបស់ខ្មែរ និងលើកកម្ពស់ជីវភាពរស់​នៅរបស់​បង​ប្អូន​ក្នុងសហ គមន៍​ថែមទៀត។

ជាមួយនឹងការរៀបចំតំបន់ទេសចរណ៍ និងការជំរុញកំណើនភ្ញៀវទេសចរនេះដែរ ដើម្បី​ចូល​​​រួមលើកកម្ពស់ផលិតផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរដែលបាន​មកលេង​កម្សាន្ដនៅ​ក្នុងរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានាក្នុងខេត្ដ ជាពិសេស​ទេសចរណ៍ តាមសហគមន៍ដែលត្រូវការបន្លែធម្មជាតិ ឬផលិតផលទេសចរណ៍នោះ មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺ ក៏បានផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់ប្រជា​សហ​គមន៍​​នៅក្នុងក្រុងច្បារមន និងនៅតាមបណ្ដាសហគមន៍ផ្សេងទៀតអំពីវិធីដាំដុះ និងការពង្រឹង​គុណ​ភាពផលិតផលនៅតាមសហគមន៍។

លោក អ៊ុំ សម្បត្ដិ ប្រធានការិយា​ល័យកសិកម្មក្រុងច្បារមន នៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺបាន​ឱ្យដឹង​ថា ការជំរុញឱ្យសហគមន៍ដាំបន្លែត្រកួត និង​ផលិត​ផលផ្សេងៗនៅតាម​ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនេះ គឺក្នុង​គោល​ដៅជួយគាំទ្រ និង​លើកកម្ពស់ដល់វិស័យ​ទេស​ចរណ៍ ជាពិសេសផលិតផលបន្លែ​ធម្មជាតិ សម្រាប់ឱ្យភ្ញៀវទទួល​ទានបន្លែស្រស់ ធម្មជាតិ ខណៈមកដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ឬតាមសហគមន៍​ទេសចរណ៍នៅ​ក្នុងខេត្ដ។ លោកបានបន្ដថា ប្រជាពលរដ្ឋដែលដាំបន្លែត្រួកួននៅ ក្នុងក្រុងច្បារ​មននេះគឺបង្កើតជាសហគមន៍មួយដែលមានចំនួន១២០គ្រួសារ ភាគច្រើនបានដាំដុះស្ទើរ​គ្រប់​ផ្ទះទាំងអស់ ហើយការដាំដុះនេះគឺមានរយៈពេល៣អាទិត្យ នឹងទទួលបានផល។ លោក​បានបន្ថែមថា “ឥឡូវនេះ ងាយស្រួលណាស់ ដល់ពេលប្រមូលផល ឬក៏ដល់ពេលដក​ត្រកួត​លក់ មានម៉ូយស្រាប់មកទទួលយកដល់កន្លែង ដើម្បីយកទៅផ្គត់ផ្គង់តាមហាង ឬភោជនីយ​ដ្ឋាននានាក្នុងខេត្ដ ឬយកមកលក់បន្ដនៅភ្នំពេញ ដែលអាចទទួលបានប្រាក់កម្រៃបន្ថែម ក្រៅ​ពីការងារធ្វើស្រែចម្ការ របស់បងប្អូនរស់នៅក្នុងសហគមន៍នេះ”។ លោកប្រធានការិយាល័យ​កសិកម្មបានបន្ថែមទៀតថា ការដាំដំណាំបន្លែត្រកួតនេះ នឹងបានចូលរួមចំណែកច្រើន​ក្នុងការ​ទាក់ទាញភ្ញៀវទេសចរឱ្យងាកមកគាំទ្រផលិតផលរបស់សហគមន៍ ជួយបង្កើនប្រាក់ចំណូល​ក្នុងគ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល។

ទាក់ទងនឹងការដើរកម្សាន្ដតាមតំបន់ទេសចរណ៍ និងសហគមន៍នានានៅក្នុងខេត្ដ កំពង់​​ស្ពឺនេះដែរ លោក សុខ សំណាង ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ដែលបានមកលេង កម្សាន្ដ​នៅរមណីយដ្ឋានគិរីរម្យបានបញ្ជាក់ថា ការមកកម្សាន្ដនៅតំបន់គិរីរម្យនេះ ដោយឃើញ​ថាវាមានខ្យល់អាកាសល្អ មានដើមឈើតូចធំដុះនៅជុំវិញផ្លូវ និងនៅលើភ្នំដែលអាចមើល ឃើញទេសភាពទឹកធ្លាក់ និងព្រៃស្រល់នៅទីនោះ។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “កន្លែងកម្សាន្ដ និង​ទេសភាពនៅលើភ្នំ​គិរីរម្យបានធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាននូវខ្យល់​ត្រជាក់​គ្រប់រដូវកាល និងការងូតទឹកលេងកម្សាន្ដ ការទស្សនាតាមសហគមន៍ទេសចរណ៍នៅតាម​ជើងភ្នំ”។

ចំណែកកញ្ញា Yokoshida ជាជនជាតិជប៉ុន ក្នុងនាមកញ្ញាជាអ្នកទេសចរណ៍ ដែល​បានមកលេង​នៅរមណីយដ្ឋានគិរីរម្យ បាននិយាយថា ការដើរកម្សាន្ដនៅទីនេះ ដោយសារតែ​ទី​កន្លែងនេះ មានខ្យល់អាកាសល្អ មានទេសភាពល្អ និងអាចធ្វើដំណើរដោយការផ្សងព្រេង ដោយភាពអស្ចារ្យ។ កញ្ញាបានកត់សម្គាល់ថា “តំបន់គិរីរម្យនេះ មានព្រៃឈើច្រើនប្រភេទ ជាពិសេស​ដើមស្រល់ ដែលដុះយ៉ាងស្រស់ស្អាតនៅតាមដងផ្លូវ ធ្វើឱ្យត្រជាក់ និងទាក់ទាញ ហើយខ្ញុំចង់​មក​លេងនៅកន្លែងនេះ”។ កញ្ញាបន្ដទៀតថា ការជ្រើសរើសយកកន្លែងកម្សាន្ដ​នៅ​តំបន់គិរីរម្យ​នេះ ព្រោះ​វាមានព្រៃឈើធម្មជាតិដុះច្រើន ក្នុងការទាក់ទាញឱ្យកញ្ញាចង់មក​លំហែ​​កម្សាន្ដនៅ​ទីនេះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។

សូមបញ្ជាក់ថា ខេត្ដកំពង់ស្ពឺ មានរមណីយដ្ឋានចំនួន១៦កន្លែង ក្នុងនោះ ទីតាំង​ទេស ចរណ៍​​ប្រវត្តិសាស្ត្រ០១កន្លែង, ទេសចរណ៍ធម្មជាតិ០១កន្លែង, វប្បធម៌០២ កន្លែង និង​រមណីយ ដ្ឋាន កែច្នៃ ០៣ កន្លែង, កីឡាទេសចរណ៍០១កន្លែង, វត្តទេសចរណ៍គំរូ ០១ កន្លែង, សហគមន៍ ០៣កន្លែង និងតំបន់គោលដៅទេសចរណ៍ថ្មីចំនួន ០៤ កន្លែង។ ចំណែកសណ្ឋាគារ មានចំនួន ០៦ កន្លែង មាន២០៦ បន្ទប់ ផ្ទះសំណាក់មានចំនួន២៨កន្លែង ព្រមទាំងភោជនីយដ្ឋាន-អាហារ ដ្ឋានចំនួន៤៤កន្លែង។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្ដកំពង់ស្ពឺបាន​ឱ្យ ដឹងថា ចំនួនភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលមកកម្សាន្ដ នៅខេត្ដ កំពង់ស្ពឺក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ គឺ​មានចំនួន១.៣៩៧០នាក់ ក្នុងនោះភ្ញៀវអន្ដរជាតិចំនួន១០៣០នាក់៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង