ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន សម្តេចតេជោ ចូលក្រាបបង្គំគាល់ ដើម្បីទូលថ្វាយអំពីសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ —

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទូលថ្វាយអំពីសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលសម្រេចបាន នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោ ហ៊ុន សែន បានថ្វាយនូវកាក់មាសអនុស្សាវរីយ៍ និងក្រដាសប្រាក់គំរូថ្មី (១៥០០០៛) ថ្វាយព្រះករុណា ព្រះមហាក្សត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។

រូបថត៖ ទទក