ឯកឧត្តម ទៀ សីហា អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុកស្វាយលើ 

AKP សៀមរាប ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំង  លោក អៀង ពិសិដ្ឋ ឋានន្តរស័កិ្តវរមន្ត្រី ថ្នាក់លេខ៤ ដែលកំពុងបម្រើការងារជាអភិបាលរងស្រុកសូទ្រនិគម ត្រូវបានប្រកាសឱ្យចូលកាន់ តំណែងជាអភិបាលស្រុកស្វាយលើ ជំនួសឱ្យលោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុកដែល ត្រូវបានចូលនិវត្តន៍ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាស្រុកស្វាយលើ ខេត្តសៀមរាប។

នាឱកាសនោះ ឯកឧត្តម ទៀ សីហា បានឱ្យដឹងថា តាមច្បាប់ក្រឹត្យក្រមរបស់ មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬគ្រប់អាយុបំពេញការងារគឺត្រូវតែចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី ឬបុគ្គលិកឡើយ។ ហើយការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលជាការលើកទឹកចិត្តដល់ មន្ត្រីឱ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។ ម៉្យាងទៀតវាក៏ជាគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការ ផលប្រយោជន៍របស់ប្រជាជន។

ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងនូវសមទ្ធិផលដែលស្រុកទទួលបានកន្លងមកនេះ ក៏ជាការកើតឡើងពីសន្តិភាព ដូច្នេះអភិបាលស្រុកដែលត្រូវបានតែងតាំងថ្មីនេះ ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនជាតិ ជូនប្រជាពលរដ្ឋឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចម្បង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់។

ឯកឧត្តម ទៀ សីហា បានសំណូមពរដល់មន្ត្រីរដ្ឋបាលអាជ្ញាស្រុកស្វាយលើទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំគ្រប់គ្រង ការិយាល័យ និងអង្គភាពក្នុងស្រុកឱ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀបរបបការងារ រដ្ឋបាលនៅក្នុងសាលាស្រុក ព្រមទាំងមានការ ទំនាក់ទំនងឱ្យបានល្អជាមួយបណ្តា ស្ថាប័នអង្គភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរ និងប្រជាជនដោយខេត្តសៀមរាបក៏ដូចស្រុកស្វាយលើជាតំបន់គោលដៅនៃភ្ញៀវទេសចរ លើពិភពលោកចូលមកទស្សនាកម្សាន្ត។

សូមបញ្ជាក់ថា  នៅក្នុងពិធីប្រកាសតែងតាំងនេះ ក៏មានការប្រកាសអភិបាលរង ស្រុក១រូប និងនាយករដ្ឋបាល សាលាស្រុក១រូបផងដែរ៕

ដោយ ហង្ស សៀក