មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ថ្លែងសរសើរប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ដែលលុបបំបាត់បានល្អនូវការផ្សព្វផ្សាយគ្រឿងស្រវឹង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម  ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងសរសើរចំពោះ​ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិដែលលុបបំបាត់បានល្អនូវការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលនេះ ជាគំរូល្អមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនានាអនុវត្តន៍តាម ដើម្បីរួមចំណែកកាត់បន្ថយការ​ប្រើ​ប្រាស់​គ្រឿងស្រវឹងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេសយុវជនកម្ពុជា។នៅក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី ក្នុងកម្មវិធីប្រកួតវីដេអូខ្លីក្រោមប្រធានបទ “ សោ​ក​នាកម្មបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង”  កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅ​មជ្ឈ​មណ្ឌល​កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​បញ្ជា​ក់​ថា អ្នកដែលប្រើប្រាស់គ្រឿងស្រវឹងប្រឈមបញ្ហាធំពីរ គឺបង្កឱ្យកើតជំងឺ និងបង្កនាំ​ឱ្យមាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មានបានគាំទ្រអង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលបានបង្កើតកម្មវិធីប្រឡងវីដេអូអប់រំស្តីពី គ្រឿងស្រវឹង  ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ អំពើហិង្សា និងបញ្ហាជំងឺផ្សេងៗទៀត។ ការបង្កើតកម្មវិធីសារអប់រំ ផ្សព្វផ្សាយពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹងរបស់អង្គការចលនា ដើម្បីសុខភាព កម្ពុជានេះ គឺជាការរួមចំណែកយ៉ាងសំខាន់  ដើម្បីបង្ការកុំឱ្យមានជនរងគ្រោះបន្ដបន្ទាប់ទៀត ដោយ​សារ​គ្រឿងស្រវឹង។ ទាក់ទងនឹងកម្មវិធីប្រកួតបង្កើតវីដេអូខ្លីស្តីពី សោកនាដកម្មបង្កដោយការប្រើប្រាស់គ្រឿងស្រវឹងនេះ គឺជាសារអប់រំដល់យុវជន នឹងជួយជំរុញអូសទាញយុវជនឱ្យ​មានការភ្ញាក់រលឹក  ដែលអាចផ្លាស់ប្ដូរផ្នត់គំនិត​របស់ពួកគេពីការជួបជុំគ្នាដោយសេពគ្រឿងស្រវឹង ទៅជាការជួបជុំគ្នាដោយផ្ដល់ នូវចំណេះដឹង និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់មាតាបិតាគ្រប់រូប ជួយអប់រំណែនាំកូនៗ  ពេលមានកម្មវិធីនៅក្នុងគ្រួសារ សូមកុំចាប់យកការសេពគ្រឿង ស្រវឹងជាការ​សប្បាយ​ ព្រោះថាការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ជំងឺ បរាជ័យក្នុងការសិក្សា ការរំលោភបំពានជាដើម។ ការលុបបំបាត់គ្រឿងស្រវឹង គឺចាប់ផ្តើមពីខ្លួនយើងទៅ។

លោក  មុំ គង់   នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា តាមរយៈវីដេអូដាក់ចូលរួមប្រកួត បេក្ខជនបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ សោកនាដកម្មជាច្រើនរួមមាន គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ជំងឺ បរាជ័យក្នុងការសិក្សា ការរំលោភបំពានជាដើម។ ចំពោះវិធានការដែលបេក្ខជនបានលើកឡើង ដើម្បីកាត់បន្ថយកុំឱ្យមានជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងស្រវឹងមានដូចជា៖  ហាមឃាត់ការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រប់ទម្រង់, ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាចលករជំរុញឱ្យប្រជាជន សេពគ្រឿងស្រវឹងកាន់តែច្រើន និងកាន់តែញឹកញាប់។ មិនតែប៉ុណ្ណោះការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាមូលហេតុចម្បងនាំឱ្យមានការសេពគ្រឿង ស្រវឹងក្នុងចំណោមយុវជនវ័យក្មេង និងស្រី្តផងដែរ។

លោកបន្តថា កាត់បន្ថយភាពងាយរកបាន នៃផលិតផលគ្រឿងស្រវឹង  ដូចជាវិធានការផ្ដល់អាជ្ញាប័ណ្ណដល់កន្លែង ដែលអាចលក់គ្រឿងស្រវឹងបាន និងវិធានការកំណត់ម៉ោងលក់ គ្រឿងស្រវឹងជាដើម , កំណត់អាយុដែលអាចទិញ និងប្រើប្រាស់គ្រឿងស្រវឹង ការកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង អាចបញ្ជៀសមិនឱ្យកុមារ និងយុវជនវ័យក្មេង ពីការសេពគ្រឿងស្រវឹង និងតំឡើងពន្ធផលិតផលគ្រឿងស្រវឹង ការតំឡើងពន្ធផលិតផលគ្រឿងស្រវឹង គឺជាវិធានការឈ្នះ-ឈ្នះដែលអាចកាត់បន្ថយគ្រោះថ្នាក់ដែលបង្ក ឡើងពីការប្រើប្រាស់គ្រឿងស្រវឹង និងបង្កើនចំណូលពន្ធរដ្ឋយ៉ាងមានប្រសិទ្ធ​ភាព។

យោងតាមរបាយការរបស់អង្គការសុខភាពពិភពលោកជារៀងរាល់ឆ្នាំ មនុស្សប្រមា​ណ​៣លាននាក់ បានស្លាប់ដោយសារផលប៉ះពាល់ ដែលបង្កពីការប្រើប្រាស់គ្រឿងស្រវឹង។ ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានជំងឺជាង២០០មុខ ដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសំពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម។ ក្រៅពីផលវិបាកនៃសុខភាព ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ចរាចណ៍ អំពើហិង្សា ការខាតបង់សេដ្ឋកិច្ច និងបញ្ហាសង្គមជាច្រើនទៀត។ នៅប្រទេសកម្ពុជា ការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុទី២ ដែលបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា តាមការប្រកាសរបស់គណៈកម្មការប្រឡងបានឱ្យដឹងថា កម្មវិធីប្រកួតវីដេអូខ្លីក្រោមប្រធានបទ  សោ​ក​នាកម្មបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង នេះ មានបេក្ខជនចំនួន៥ក្រុម គឺលេខ១ ទទួលទឹកប្រាក់ ២លានរៀល,  លេខ២ មួយលាន ៤០ម៉ឺនរៀល, លេខ៣ មួយលាន២០ម៉ឺនរៀល, លេខ ៤ និងលេខ៥ទទួល បានថវិកាលើកទឹក​ចិត្ដ៤០ម៉ឺនរៀលដូចគ្នា។  ចំពោះជ័យលាភីលេខ១ បានទៅលើរឿង ដែមានចំណងជើងថា “កំហុសខ្ញុំ​”, ជ័យ​លាភីលេខ២ ​បានទៅលើ​វិដេខ្លីដែលមាន​ចំណងជើងថារឿង “ឃាដករលាក់មុខ” និងជ័យ​លាភីលេខ៣ បានទៅវិដេអូខ្លីដែល​មាន​ចំណងជើងថារឿង “សុរា” ៕

ដោយ ប៉ាល់សុង