ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធសម្រេចបានជាង ២ ពាន់ លានដុល្លារអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៩ — ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធសម្រេចបានចំនួន ២. ១៨៣,៦៨លានដុល្លារអាម៉េរិក ស្មើនឹង៩៥.៤២ភាគរយ នៃផែនការកំណត់ដោយច្បាប់ថវិកា ឆ្នាំ២០១៩។ នេះជាការលើកឡើងរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូនៃមូល​និធិរូបិយវត្ថុ​​អន្តរ​ជាតិ (International Monetary Fund-IMF) ដឹកនាំដោយលោក Jarkko Turunen ប្រធានបេសកកម្ម និងលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្ត​រជាតិប្រចាំនៅ​កម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធលើការផ្ដល់ធាតុចូលក្នុងការរៀបចំ Article IV ឆ្នាំ២០១៩ សម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋាន​ពន្ធ​ដារបានបញ្ជាក់ថា កត្តាសំខាន់ៗដែលនាំឱ្យចំណូលមានការកើនឡើង ក្នុងរយៈពេលកន្លង​មកនេះ គឺបានមកពីការខិតខំប្រឹងប្រែង​អនុវត្តន៍តាមយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្ត្រ​កៀរ​គរចំណូល របស់រាជរដ្ឋាភិបាល​កម្ពុជា ដែលផ្តោតជាសំខាន់លើការពង្រឹងការ​ធ្វើកំណែ​ទម្រង់រដ្ឋបាលសារពើពន្ធ ព្រមទាំងការ​ធ្វើ​ទំនើបកម្មរដ្ឋបាលសារពើពន្ធលើមុខងារស្នូល និង​មុខងារគាំទ្រទាំងអស់របស់អគ្គនាយក​ដ្ឋាន​ពន្ធដារ។ ឯកឧត្ដមបន្ដថា កំណើនចំណូលពន្ធនេះ ក៏រួមមានការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ E-VAT, ការពង្រឹងការចុះបញ្ជីពន្ធដារ ការពង្រឹង​ការធ្វើ​សវនកម្ម, ការរៀបចំកម្មវិធីសវនកម្ម ដោយផ្អែកលើហានិភ័យ, ការរៀបចំរបាយ​ការណ៍​សវន​កម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការផ្សព្វផ្សាយវប្បធម៌ បង់ពន្ធដល់អ្នកជាប់ពន្ធ តាមរយៈ​ការធ្វើសិក្ខាសាលា (TaxForum), និងការពង្រឹងការគ្រប់គ្រងធនធានមនុស្ស របស់អគ្គនាយក​ដ្ឋានពន្ធដារជាដើម ហើយក៏បាន​និង​​កំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវវិធានការនានាក្នុងការគ្រប់​គ្រងប្រមូលបំណុលពន្ធដារ​ផងដែរ។

គណៈប្រតិភូ IMF បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋាន​ពន្ធដារ ដែលសម្រេចបាននូវសមិទ្ធផលកំណើនចំណូល ពន្ធខ្ពស់លើសផែនការកំណត់​ដោយ​ច្បាប់ថវិកា។ តំណាង IMF ក៏បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការតាម​ដាន​វាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផ្តល់អនុសាសន៍គោលនយោបាយ ក្នុងន័យ​ជួយ​តម្រង់ទិសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ទៀតថា ជំនួបប្រជុំការងារនេះ គឺផ្តោតសំខាន់លើ លទ្ធផលនៃ​ការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០១៨ និងទស្សនៈវិស័យសម្រាប់ឆ្នាំ ២០១៩ ការធ្វើសវន​កម្មពន្ធដារលើប្រភេទអ្នកជាប់ធំ និងមធ្យម និងការពង្រឹងវិធានការពន្ធដារ វិធាន​ការ និង​ការផ្លាស់ប្តូរគោលនយោបាយសារពើពន្ធ ដែលបានគ្រោងទុកនៅក្នុងច្បាប់ថវិកា ឆ្នាំ២០២០ និងក្នុងរយៈពេលមធ្យមខាងមុខ ព្រមទាំងការលើកទឹកចិត្ត និងការអនុគ្រោះ​ពន្ធថ្មីៗ។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលក៏បានជម្រាបដល់គណៈប្រតិភូ IMF ថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ជាលទ្ធផលនៃការប្រមូលចំណូលពន្ធនិងអាករគ្រប់ប្រភេទ អគ្គនាយកដ្ឋានពន្ធ ដារសម្រេចបាន ២.១៩៧,៩២ លានដុល្លារអាម៉េរិក លើសផែនការកំណត់ដោយច្បាប់ថវិកា ឆ្នាំ២០១៨ ចំនួន ១៤.២៧ភាគរយ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ IMF តែងតែមកធ្វើការតាមដាន វិភាគ ផ្តល់អនុសាសន៍ អំពីស្ថានភាពសេដ្ឋកិច្ចនិងព្យាករណ៍បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ របស់ប្រទេសនីមួយៗជា​សមាជិក​របស់ IMF ដែលការងារនេះបានចែងនៅក្នុងមាត្រាIN នៃលក្ខន្តិកៈរបស់ IMF ត្រូវបានហៅថា Article IV Consultations៕

ដោយ ម៉ៅ ចរិយា