រដ្ឋមន្រ្ដីក្រសួងទេសចរណ៍លើកឡើងថា កម្ពុជាកំពុងកែសម្រួលរៀបចំ យុទ្ធសាស្ត្រថ្មីដើម្បីទាក់ទាញទេសចរ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រុមប្រឹក្សាភិបាលសិក្សា​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមានក្រសួងទេសចរណ៍ជាប្រធាន បាននិង​កំពុង​រៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ ក្នុងការទាក់ទាញកំណើនទេសចរអន្តរជាតិឱ្យមកទស្សនា​កម្ពុជាកាន់តែច្រើន ខណៈគោលដៅទេសចរណ៍មួយចំនួនបាននិងកំពុងមានការប្រែប្រួល ក្នុង​ដំណាក់កាលកើតមានសង្គ្រាមពាណិជ្ជកម្ម។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងកិច្ច​ប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង​ទេស​ចរណ៍។ នេះបើយោងតាមការផ្សាយរបស់ក្រសួងទេសចរណ៍។

ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វ​ផ្សាយទេសចរណ៍កម្ពុជា ក្រោយការអនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរួចហើយ នឹងបន្ត​ពិភាក្សាគ្នាលើការរៀបចំយុទ្ធសាស្ត្រទីផ្សារថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា​ឡើងវិញឱ្យបានល្អប្រសើរ ស្របពេលដែលពិភពលោកកំពុងជួបប្រទះ​វិបត្តិសង្គ្រាមពាណិជ្ជ​កម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងចិន។ ឯកឧត្ដមបានបន្តថា វិបត្តិសង្គ្រាម​ពាណិជ្ជ​កម្មនេះបានបណ្ដាលឱ្យគោលដៅទីផ្សារទេសចរណ៍មួយចំនួនមានការប្រែប្រួល ហើយ​កម្ពុជាត្រូវខិតខំតោងស្រវាចាប់យកទីផ្សារ ឬគោលដៅទេសចរណ៍ណាដែលមាន​សក្តា​នុពល ពោលគឺត្រូវរៀបចំទាំងយុទ្ធសាស្ត្រ មធ្យោបាយ និងថវិកា ដើម្បីធ្វើការផ្សព្វផ្សាយ​ទៅ​កាន់គោលដៅសំខាន់ៗ សំដៅទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើន និងប្រកប​ដោយ​គុណភាព និងប្រសិទ្ធភាព។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា សម្រាប់ទីផ្សារទេសចរណ៍ចិន កម្ពុជា​កាន់តែត្រូវពង្រឹងថែមទៀត ព្រោះថាចិនជាទីផ្សារទេសចរណ៍លើសកលលោកដ៏ធំ តែ​ត្រូវតែចូលជ្រៅទៅគោលដៅសំខាន់ណាដែលមានសក្តានុពល ហើយដែលកម្ពុជាត្រូវរៀបចំ​ការផ្សព្វផ្សាយឱ្យបានល្អនៅទីនោះ ក៏ដូចគ្នាទៅនឹងទីផ្សារក្នុងអាស៊ាន អាស៊ី អឺរ៉ុប អាម៉េរិក​ផងដែរ ដោយត្រូវធ្វើឱ្យចំគោលដៅ និងត្រូវប្រើគ្រប់មធ្យោបាយ រូបភាព ថវិកាឱ្យមាន​ប្រសិទ្ធ​ភាព។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេស​ចរណ៍កម្ពុជា បានពិភាក្សាលម្អិតលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖ ១. លក្ខន្តិកៈ​របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ២. បទបញ្ជា​​ផ្ទៃក្នុង របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ៣. សេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារជំនាញចំនួន ៥ក្រុម មានក្រុមការងារជំនាញសិក្សាទីផ្សារ និងផ្សព្វ ផ្សាយទេសចរណ៍ក្រៅប្រទេស ក្រុមការងារជំនាញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ អន្តរជាតិ ក្នុងស្រុក ក្រុមការងារជំនាញរៀបចំផលិតកម្ម បោះពុម្ពផ្សាយទេសចរណ៍ និងឌីជីថល ក្រុមការងារជំនាញរៀបចំដំណើរទស្សកិច្ចសិក្សា និងក្រុមការងារជំនាញរៀបចំស្ថានតំណាង​ទេសចរណ៍ក្រៅប្រទេស ព្រមទាំងការបង្កើតលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលសិក្សា​ទីផ្សារ និងផ្សព្វផ្សាយកម្ពុជា៕

ដោយ ឡុង ស៊ីវ៉ាន់