កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ឯកភាពបង្កើតអនុស្សរណៈលើវិស័យទេសចរណ៍ និងជំរុញការ តភ្ជាប់ជើងហោះហើរ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៩ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌីតប្រចាំវៀត​ណាម-កម្ពុជា ឯកឧត្ដម Saud F.M Suwelim បានឯកភាពនឹង​សំណើ​រៀបចំអនុស្សរណៈ​នៃការ​យោគ​យល់​គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យ​ទេស​ចរណ៍ ដើម្បីរួមចំណែកជំរុញ​ឱ្យវិស័យដ៏សំខាន់នេះបន្តការអភិវឌ្ឍបន្ថែមទៀត។ ក្នុងជំនួប​ពិភាក្សារវាងភាគីទាំងពីរ​នេះ​ត្រូវ​បានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ស្នើបន្ថែមទៅកាន់ឯកឧត្ដម ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌីត ធ្វើយ៉ាងណាជួយជំរុញឱ្យមានការហោះហើរត្រង់ពីអារ៉ាប់ប៊ីសាអូឌីត​មក​កាន់​កម្ពុជា ឬតាមរយៈការឆ្លងកាត់ប្រទេសជិតខាងណាមួយក៏បាន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន​ជំរុញ​ឱ្យមានការរៀបចំដំណើរទស្សនកិច្ចសិក្សា (Fam Trip) របស់ក្រុមអ្នកសារព័ត៌មាន អ្នក​វិនិយោគ និងទេសចរមកពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ហើយកម្ពុជាក៏សន្យាធ្វើបែប​នោះ​ដូចគ្នា ដើម្បីផ្លាស់ប្ដូរទស្សនកិច្ចលើវិស័យទេសចរណ៍ពីគ្នាទៅវិញទៅមក។ ក្រៅពីនោះ ភាគី​កម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ដំណើរទេសចរណ៍តាមនាវាសមុទ្រពីអារ៉ាប់ប៊ីសាអូឌីតមកកាន់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីទទួលយកដំណើរទេសចរណ៍បន្ថែមនៅ​ទីនោះ​ផង និងអាចហួសមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតបានគូសបញ្ជាក់ថា ចំណុចនេះ ខាងភាគី​អារ៉ាប់ប៊ីសាអូឌីតបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីពន្លឿន​ការហោះហើរពីអារ៉ាប់ប៊ីសាអូឌីតមកកម្ពុជា ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ​នៅទី​ក្រុងហាណូយ។ ឯកឧត្តម ឯកអគ្គរាជទូត Saud F.M Suwelim បានទទួលយកសំណើ​ទាំងនេះ ដើម្បីលើកឡើងទៅកាន់រាជរដ្ឋាភិបាលរបស់លោកបន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាកំពុងរៀបចំឱ្យមានម្ហូបអាហារហាឡាល់ (Halal Food) សម្រាប់ទទួលស្វាគមន៍ និងបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរអ៊ិស្លាម ខណៈ​កម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលជាទីប៉ងប្រាថ្នា​របស់​ភ្ញៀវទេសចរ។

សូមជម្រាបថា ចំពោះការរៀបចំបង្កើតអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហ​ប្រតិបត្តិការលើវិស័យទេសចរណ៍ខាងលើនោះ ឯកឧត្តម ថោង ខុន បានចាត់ចែងក្រុម​ការងារ​តាមនាយកដ្ឋានជំនាញ សហការគ្នាធ្វើសេចក្ដីព្រាងអនុស្សរណៈ ដើម្បីត្រៀមចុះហត្ថលេខា​ជាមួយគ្នា នៅពេលមានដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ឬក្នុងពេលសម​ស្រប​ណាមួយនាថ្ងៃខាងមុខ៕

ដោយ ម៉ៅ ចរិយា