ក្រសួងកសិកម្មគូសបញ្ជាក់ថា ករណីសត្វដែលស្គមស្គាំងមួយចំនួននៅឧទ្យានសួនសត្វ ភ្នំតាម៉ៅមិនមែនមកពីខ្វះចំណីអាហារនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីមានការលើកឡើងនៅតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនទាក់ទង នឹងករណីអ្នកគ្រប់គ្រងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែល​មាន​ខ្លឹម​​​សារថា បានបណ្ដាយឱ្យសត្វព្រៃមួយចំនួនស្គមស្គាំងដោយសារខ្វះចំណីអាហារមក ក្រសួង​កសិ​កម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអះអាងថា សត្វដែលស្គមស្គាំងនៅក្នុង​ឧទ្យាន​សួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមិនមែនមកពីខ្វះចំណីអាហារនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

ក្នុងសេចក្ដីប្រកាសបានលើកឡើងថា បន្ទាប់ពីបានកត់សម្គាល់ឃើញថា ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម (Face book) មានបុគ្គលមួយចំនួនបាន បង្ហោះសាររិះគន់ចំពោះអ្នកគ្រប់គ្រងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតា ម៉ៅ របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខ្លឹមសារថា បានបណ្តោយឱ្យសត្វព្រៃមួយចំនួនស្គមស្គាំងដោយសារខ្វះចំណីអាហារ។ ពាក់ព័ន្ធនឹង​ការ​លើកឡើងខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន​សាធារណ​ជន​ជ្រាបថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាមជ្ឈមណ្ឌល​ស្តារនីតិសម្បទាសត្វព្រៃគ្រប់ប្រភេទ ដោយមានមន្ត្រីបសុពេទ្យមើលថែទាំ​ជាប្រចាំ​ក្រោមកិច្ច​សហការជាមួយអង្គការដៃគូដូចជា Wildlife Alliance, FFI និង Free the Bear ។ ក្រសួង​សូម​ធ្វើការបញ្ជាក់ថា “រីឯសត្វព្រៃដែលស្គមស្គាំងមួយចំនួនតូចនោះមិនមែនខ្វះចំណី អាហារដូច​ការ​រិះគន់ឡើយ គឺជាសត្វដែលមានជំងឺ ឬមានរបួសដោយសារការដាក់អន្ទាក់ដោយ​ខុស​ច្បាប់ ឬមានអ្នកចិញ្ចឹមមិនចង់ចិញ្ចឹម ឬមានបញ្ហាសុខភាពធ្លាក់ខ្លួនឈឺស្គមស្គាំង ក៏បានប្រគល់មក ឱ្យ​រដ្ឋបាលព្រៃឈើ និងអង្គការដៃគូយកមកថែរក្សា និងព្យាបាល ដូចនេះហើយ ទើបឃើញ​មានសត្វព្រៃខ្លះនៅទីនោះស្គមស្គាំងដែលមើលទៅហាក់ដូចជាខ្វះចំណីអាហារជាដើម”។

ជាមួយគ្នានេះដែរ ក្រសួងកសិកម្មបានបញ្ជាក់បន្ថែមថា ជាក់ស្តែងនៅឆ្នាំ២០១៨​កន្លង​មកនេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បាន សង្គ្រោះសត្វព្រៃថ្មី​ចំនួន ១.៨៩៣ ក្បាល ព្យាបាលសត្វព្រៃចំនួន២៥៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន ១. ៥៨៦ក្បាល (បក្សីចំនួន ៥៤ប្រភេទ ថនិកសត្វចំនួន ៤១ប្រភេទ និងស្មូនចំនួន ១២ប្រភេទ) ព្រមទាំងបានស្ដារលទ្ធភាពជីវសាស្រ្តសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃ​ធម្មជាតិវិញចំនួន១.៤៨៤ក្បាល។ ដោយឡែក ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ឧទ្យានសួន​សត្វ និងមជ្ឈមណ្ឌលស ង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានសង្គ្រោះសត្វព្រៃថ្មីចំនួន ៧៦៧ក្បាល ព្យាបាលសត្វព្រៃចំនួន២០៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន ១ ៦២៥ក្បាល (បក្សីចំនួន ៥៣ប្រភេទ ថនិកសត្វ ចំនួន ៤១ប្រភេទ និងស្មូនចំនួន ១៣ប្រភេទ) ព្រមទាំងបាន​ស្ដារ​លទ្ធភាព ជីវសាស្ត្រសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញចំនួន ៦៧៤ក្បាល។

ទន្ទឹមនេះ ដើម្បីចូលរួមថែរក្សា និងការពារសត្វព្រៃដែលជាសម្បត្តិធម្មជាតិដ៏មាន តម្លៃ​របស់កម្ពុជា ឱ្យបានគង់វង្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹង ការអនុវត្តច្បាប់ ការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋាន គតិយុត្ត នានា និងថែរក្សា​ក៏ដូចជាព្យាបាល សត្វព្រៃគ្រប់ប្រភេទសម្រាប់ជាកេរមរតក ដល់កូនចៅយើងជំនាន់នេះ​និងជំនាន់ក្រោយៗទៀត៕

ដោយ ប៊ុនរិទ្ធ