កម្ពុជាស្វាគមន៍ក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងចង់វិនិយោគលើវិស័យផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក

AKP ភ្នំពេញ ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា​ ឯកឧត្តម ស៊ុន ចាន់ថុល​ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានមាន​ប្រសាសន៍ស្វាគមន៍ចំពោះក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងចង់វិនិយោគលើវិស័យផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដោយផ្អែកលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និងបានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនសិង្ហបុរី ដទៃទៀតដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ។​

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ នៅក្នុង​ជំនួបពិភាក្សាការងារ​ជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ច​សិង្ហបុរី​ ដឹកនាំដោយ លោក Mike Lee អនុប្រធានទទួលបន្ទុកការងារអាស៊ាន នៃក្រុមហ៊ុន Global Business Division កាលពីថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការ។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន​ប្រសាសន៍ អំពីគោលការណ៍អាទិភាព នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់នៅកម្ពុជា ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ការពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវថ្នល់ពី ២គន្លងទៅ ៤គន្លង និងពីផ្លូវ DBST ទៅផ្លូវកៅស៊ូបេតុង (AC) គម្រោងកំពុងដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយប្រទេសជិតខាង។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកដៃគូ អភិវឌ្ឍន៍ផ្លូវដែកពីភ្នំពេញ ទៅវៀតណាម ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ កាន់តែមានភាពងាយស្រួល និងលឿនជាងមុន ដូចជា ការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ ការប្រើប្រាស់ QR Code លើផ្លាកលេខយានយន្ត ប័ណ្ណសម្គាល់យានយន្ត និងលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយការក្លែងបន្លំ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យប្រជាពលរដ្ឋថតរូបភាពផ្លូវខូច ផ្ញើទៅកាន់ក្រុមការងារជួសជុល ដើម្បីចុះមកជួសជុលបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងMonorail ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ។

ដោយឡែក​ លោក Mike Lee បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីគំនិត និងបញ្ហាអាទិភាពរបស់ក្រុមហ៊ុននេះ និងបានសម្តែងចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងការពិចារណាលើឱកាសថ្មីនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)