ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ប្រកបដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ -នៅសណ្ឋាគារ Raffles le Royal ភ្នំពេញ បានប្រារព្ធពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីមកពីស្ថាប័នពាក់ព័ន្ធ លោក Matthew Stephenson ក្រុមការងារវេទិកាសេដ្ឋកិច្ចពិភពលោក ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំង អស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ និងបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើ ដើម្បីពិនិត្យលើទិដ្ឋភាពជារួម នៃការវិនិយោគទាំងក្របខ័ណ្ឌច្បាប់ បច្ចេកទេស និងសហប្រតិបត្តិការក្នុងគោលបំណងលើកទឹកចិត្តដល់វិនិយោគិនធ្វើការអភិវឌ្ឍ វិស័យកសិ-ឧស្សាហកម្មនាពេលអនាគត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការជួយឧបត្ថម្ភគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ហើយសង្ឃឹមថាសិក្ខាសាលានេះពិតជាបានផ្តល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅឱ្យទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានបន្តទៀតថា វិស័យកសិកម្មបាននឹងកំពុងអភិវឌ្ឍន៍គួរជាទីមោទនៈ បច្ចុប្បន្នក្រសួងកំពុងគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានាឱ្យចូលរួមវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិត ស្ថិរភាពទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស និងកំពុងជំរុញបន្ថែមទៀតលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទន្ទឹមនឹងសមិទ្ធផលជាវិជ្ជមានដែលក្រសួងសម្រេចបាន ក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូរ ដោះស្រាយ កែសម្រួល និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត ហើយដែលយន្តការទាំងអស់នេះ ជាវេទិកាសាធារណ:រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានអនុវត្តន៍រួចមកហើយ ដោយទទួលស្គាល់ថាមានប្រសិទ្ធភាពខ្ពស់ និងមានការពេញចិត្តពីអ្នកវិនិយោគ។

នាពេលថ្មីៗកន្លងទៅនេះ ដើម្បីជួយសម្រួលដល់ការវិនិយោគក្នុងវិស័យកសិកម្ម និងការអភវិឌ្ឍវិស័យនេះ ក៏ដូចជាការឆ្លើយតបនឹងសំណូមពរពីវិស័យឯកជន វេទិកាសាធារណ:លើកទី១៨ បានដាក់ចេញវិធានការឱ្យក្រសួងស្ថាប័នពាក់ព័ន្ធអនុវត្តន៍បន្តជាអាទិ៍៖ ទី១. ដាក់អាករលើតម្លៃបន្ថែមសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៣។ ទី២. អនុគ្រោះដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ឱ្យរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាសរហូតដល់ដំណាច់ឆ្នាំ២០៣០។ ទី៣. អគ្គនាយកដ្ឋានពន្ធដារចេញវិញ្ញា បនបត្រ អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋដល់សហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូដែលមាន    សុពលភាព១ឆ្នាំម្តង ក្នុងករណីដែលសហគ្រាសនោះកាន់បញ្ជិកាគណនេយ្យស្របតាមបទ ប្បញ្ញត្តិច្បាប់ជាធរមាន។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបបន្ថែមថា រាជរដ្ឋាភិបាលបានជំរុញឱ្យបន្តយកចិត្តទុកដាក់បង្កើនតម្លៃបន្ថែមលើការផលិត ការនាំចេញអង្ករ កសិផលកែច្នៃឱ្យបាន១២ភាគរយ នៅត្រឹមឆ្នាំ២០២៥ ។ ក្នុងនោះមានផលិតផលសត្វ និងវារីវប្បកម្ម ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បង ដូចបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥៕

ដោយ សេង សុវណ្ណនី(ប្រភពពីក្រសួងកសិកម្ម)