ពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត

AKP កំពត ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃអង្គារ ៤កើត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​០២​ ខែតុលា​ ឆ្នាំ២០១៩​ ឯកឧត្តម ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្ត​ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​ ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ​ ធា​ គ្រុយ​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​។

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី​លោកស្នងការនគរបាលខេត្ត​ លោកបញ្ជា ការតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​ លោក​នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត​ លោកអភិ    បាល អភិបាលរងក្រុង​ ស្រុក​ នាយកទីចាត់ការ​ អង្គភាពចំណុះសាលាខេត្តសរុបប្រមាណ ២៥០នាក់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានតែងតាំងលោក មិន ជាតិ ដែលជានាយករង ជានាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ជំនួសលោក ឈុន សំណាង ដែលត្រូវផ្លាស់ប្តូរទៅបំពេញតួនាទីថ្មី។ ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត​ បានធ្វើការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះគណ:គ្រប់គ្រងសាលា​ លោក​ លោកស្រី​ សាស្ត្រាចារ្យ​ និងមន្រ្តី​គ្រប់ជាន់ថ្នាក់ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​ ដែលកន្លងមកបានសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ​រួមចំណែកជាមួយរដ្ឋបាលខេត្ត​ ក្នុងការផ្តល់នូវពុទ្ធិ​ ចំណេះដឹង​ ក៏ដូចជាបទពិសោធន៍ល្អៗជូនដល់ក្មួយៗ​ ដើម្បីយកទៅបម្រើវិជ្ជាជីវ:ខាងផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋ។

ជាមួយនេះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍​ផ្តាំផ្ញើដល់លោក​ មិន​ ជាតិ​ នាយកថ្មីនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលត្រូវបានតែងតាំងនាពេលនេះថា ១- ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព​ និងស្មារតីទទួលខុសត្រូវខ្ពស់​ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន​ ព្រមទាំងពង្រឹងការអនុវត្តច្បាប់​ លិខិតបទដ្ឋានគតិយុត្តនានា​ និងគោលការណ៍ណែនាំផ្សេងៗ​ របស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ និងរដ្ឋបាលខេត្ត។ ២- ពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ ជាមួយគណ:គ្រប់គ្រងសាលា​ សាស្រ្តាចារ្យ​ សំដៅលើកស្ទួយកិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឱ្យបានល្អប្រសើរ​ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ​ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវ:។ ៣-បន្តអនុវត្តន៍ផែនការសកម្មភាព​ និងទិសដៅការងារដែលបានកំណត់សម្រាប់ឆ្នាំ២០២០​ និងបណ្តាឆ្នាំខាងមុខ។  ៤- យកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត​ អប់រំណែនាំ​ ជួយបង្កលក្ខណ:​ និងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេង​ ដែលជាធនធានមនុស្សសម្រាប់បន្តវេន​ នៅថ្ងៃខាងមុខ។ ៥- បន្តពង្រឹងទំនាក់ទំនងការងារជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត​ រដ្ឋបាលក្រុង​ ស្រុក​ និងឃុំ​ សង្កាត់លើគ្រប់ទិដ្ឋភាពការងារ។

នាឱកាសនេះដែរ ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ បានមានប្រសាសន៍ថា ការគ្រប់ គ្រងក្នុងសាលា ពិសេសនាយកសាលាតែម្តង ពិតជាមានការពិបាកខ្លាំងណាស់ ព្រោះការសិក្សានូវវិជ្ជាជីវៈជាគ្រូពេទ្យ ត្រូវការឆ្លងកាត់បទពិសោធន៍ ព្រមទាំងភាពអំណត់ព្យាយាមទើបអាចក្លាយជាគ្រូពេទ្យដែលមានជំនាញ មានវិជ្ជាជីវៈច្បាស់លាស់។ ជាងនេះទៅទៀតគ្រូពេទ្យក្រៅពីមានជំនាញ និងបទពិសោធន៍ ក៏ត្រូវប្រកាន់នូវក្រុមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន ធ្វើបែបនេះទើបអ្នកជំងឺមានភាពកក់ក្តៅ និងមានភាពជឿជាក់៕

ដោយ ប្រាក់ លាង