អាជ្ញាធរជាតិអប្សរាចាប់ផ្តើមចាត់វិធានការក្តៅលើសកម្មភាពលក់ដូរក្រាលកន្ទេល ចងអង្រឹង នៅបរិវេណកសិន្ធុប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី​០៣ ខែតុលា ឆ្នាំ២០១៩ -អាជ្ញាធរជាតិអប្សរាបានប្រកាសចាប់ផ្តើមចាត់វិធាន​ការក្តៅ​លើសកម្មភាពលក់ដូរតាមបែបអនាធិបតេយ្យ នៅបរិវេណកសិន្ធុប្រាសាទអង្គរវត្ត តាមរយៈការ ក្រាលកន្ទេល ចងអង្រឹង ផឹកស៊ីគ្រឿងស្រវឹង និងចាក់គ្រឿងបំពងសំឡេងខ្លាំងៗ ដែលបង្កឱ្យខូចបរិស្ថាន និងសម្រស់ សោភណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃភាពជាសក្ការៈដ៏ឧត្តុង្គឧត្តម នៃរមណីយដ្ឋាន និងបូជនីយដ្ឋានអង្គរបេតិភណ្ឌពិភពលោក នៃប្រទេសកម្ពុជាយើង។ នេះជាការឱ្យដឹងពីសំណាក់លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិ  អប្សរានៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

លោក ឡុង កុសល បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានដាក់ឱសានវាទបញ្ឈប់សកម្ម ភាពលក់ដូរ តាមបែបអនាធិបតេយ្យខាងលើត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។​ ដូច្នេះចាប់ពីថ្ងៃទី០២រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះតទៅ អាជ្ញាធរជាតិអប្សរា រួមជាមួយអង្គភាពនគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានបង្កើតក្រុមការងារចម្រុះ ចុះធ្វើការអប់រំណែនាំផ្ទាល់ដល់ក្រុមអាជីវករ ឬបងប្អូនអ្នកធ្វើដំណើរ ដែលល្មើសទៅនឹងបម្រាមខាងលើ។

លោក ឡុង កុសល បានបញ្ជាក់ថា ទីតាំងដែលក្រុមការងារចម្រុះចុះអនុវត្តន៍ការងាររបស់ខ្លួនមានដូចជា ជុំវិញបរិវេណត្រពាំងសេស ប្រាសាទព្រហ្មកិល និងតាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុងករណីហួសកាលបរិច្ឆេទអប់រំណែនាំ ហើយសកម្មភាពលក់ដូរ ក្រាលកន្ទេល ចងអង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងការទទួលទានគ្រឿងស្រវឹងនៅតែបន្ត នោះក្រុមការងារចម្រុះនឹងអនុវត្តន៍វិធានការរដ្ឋបាលចាំបាច់នានា៕

ដោយហង្ស សៀក