គម្រោងបង្កើតរោងចក្របោះពុម្ពសម្លៀកបំពាក់ត្រូវបានកិច្ចប្រជុំអន្តរក្រសួងអនុម័ត

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ -គម្រោងបង្កើតរោងចក្របោះពុម្ពសម្លៀកបំពាក់ ត្រូវបានកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) កាលពីថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងបង្កើតរោងចក្របោះពុម្ពសម្លៀកបំពាក់ លើទំហំផ្ទៃដី ៤.៨៦០ម៉ែត្រក្រឡា ស្ថិតនៅក្នុង ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ របស់ក្រុមហ៊ុន ប៉ ហ័រ ប៊ី (ខេមបូឌា) ហ្វេសិន ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ស្រាវជ្រាវ និងអភិវឌ្ឍន៍។

ប្រភពខាងលើបន្តថា ជាលទ្ធផល​ អង្គប្រជុំ​បានសម្រេច​ដូចខាងក្រោម៖ ១-សូមគាំទ្រលើគម្រោងបង្កើតរោងចក្របោះពុម្ពសម្លៀកបំពាក់នៅខេត្តតាកែវ។ ២-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវគ្រប់គ្រងសំណល់រឹង សំណល់ផ្ទះបាយ សំណល់ថង់ប្លាស្ទិក ទាំងក្នុងរោងចក្រ និងជុំវិញបរិវេណរោងចក្រឱ្យបានល្អប្រសើរ។ ៣-ចំពោះបុគ្គលិក-កម្មករ ក្រុមហ៊ុនម្ចាស់គម្រោងត្រូវធ្វើការពិនិត្យ​សុខភាពរៀងរាល់៦ខែម្តង។ ៤-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ព្រមទាំងបញ្ជាក់អំពីទំហំ និងមុខងាររបស់អាងឱ្យបានត្រឹមត្រូវ។ ៥-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវកែសម្រួល​របាយការណ៍​នេះ​ ស្របតាមមតិយោបល់​អង្គប្រជុំ​។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តតាកែវ​ និងមន្ទីរបរិស្ថានខេត្តតាកែវ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ប៉ ហ័រ ប៊ី (ខេមបូឌា) ហ្វេសិន ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ