ក្រុមបាល់ទាត់ចំនួន៧២ក្រុម នឹងចូលរួមប្រកួតពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ — ក្លឹបបាល់ទាត់ និងសមាគមបាល់ទាល់ សរុបចំនួន៧២ក្រុម នឹងចូលរួមការប្រកួតពាន់រង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ នេះបើតាមការសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការរៀបចំការប្រកួត របស់សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។

ការប្រកាសព័ត៌មានក៏បានឱ្យដឹងផងដែរថា បន្ទាប់ពីការលក់ពាក្យ និងទទួលពាក្យរយៈពេល១ខែពេញកន្លងមកនេះ មានក្រុមចម្រុះមកពីសមាគមបាល់ទាត់ និងក្លឹបបាល់ទាត់ រួមទាំងក្រុមមកពីក្រសួង ស្ថាប័ននានា ពីគ្រប់រាជធានីខេត្តទាំង២៥ សរុបគឺ៧២ក្រុម បានចុះឈ្មោះជាផ្លូវការរួចហើយដើម្បីចូលរួមនៅក្នុងការប្រកួតលើកនេះ។

ចំពោះពិធីបើកការប្រកួតផ្លូវការ គ្រោងនឹងរៀបចំឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងនោះសម្រាប់ក្រុមដែលនឹងទទួលជ័យលាភី គឺទទួលបានពានរង្វាន់១ រួមជាមួយនឹងមេដាយមាស ព្រមទាំងថវិកា ចំនួន២០លានរៀល ក្រុមលេខ២ នឹងទទួលបានមេដាយប្រាក់ ព្រមទាំងថវិកា ចំនួន១០លានរៀល ក្រុមលេខ៣ នឹងទទួលបានមេដាយសំរិទ្ធិ ព្រមទាំងថវិកា ចំនួន៥លានរៀល ព្រមទាំងមានរង្វាន់សម្រាប់ក្រុម Fairplay អាជ្ញារកណ្តាលល្អជាងគេ កីឡាករស៊ុតចូលច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងគ្រូបង្វឹកល្អជាងគេ។

ដោយ ផែន រតនៈ