ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់មាតុប្រទេសវិញ​ប្រកបដោយព្រះរាជសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីបានគង់ប្រថាប់ពិនិ​ត្យ និ​ង​ព្យាបាលព្រះរាជសុខភាពមួយរយៈ នៅក្រុងប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន នារសៀលថ្ងៃថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯក​ស័​ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី​​ហ​មុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទី​សក្ការៈ​ដ៏ខ្ព​ង់​ខ្ពស់​បំផុត ព្រះអង្គទាំងទ្វេបាន​ស​ព្វ​​ព្រះរាជហឫទ័យ​ ស្ដេចយាងមកដល់មាតុ​ប្រទេសវិញ​​​ ប្រក​ប​ដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។​ យាង និងអញ្ជើញទទួលថ្វាយព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ​ដល់ព្រ​លា​​​​​នយន្តហោះ​អន្តរ​ជា​​តិ​​ភ្នំពេញ មាន​វត្តមាន​ សម្ដេចវិបុល​សេនាភក្ដី​ សាយ ឈុំ ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​​ភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  សម្ដេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នា​យ​ក​​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ​ប​ណ្ឌិ​​ត សម្ដេច​ក្រ​ឡា​ហោម​ ស ខេង​ ឧបនា​យក​រ​ដ្ឋ​​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បា​ញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​​​ការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និង​ព្រះ​រាជ​វ​ង្សា​​នុ​​វង្សជាច្រើនរូបទៀត។ ដោយ​ឡែ​ក​ឯកអគ្គរដ្ឋ​​ទូតនៃសាធារណរដ្ឋប្រជាមានិត​​ចិន​ប្រចាំ​កម្ពុជា និងមន្ត្រី​ស្ថា​ន​ទូត​ជា​ច្រើ​​ន​រូបទៀតក៏មានវត្ត​មា​ន​ក្នុងឱកាស​នោះផង​ដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី​​ហមុនី ព្រះ​ម​ហា​ក្ស​ត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​វរ​រា​ជ​​​មាតា​ជាតិ​ខ្មែរ ព្រះអង្គទាំងទ្វេបាន​ស​ព្វ​​ព្រះរាជហឫទ័យ​ ស្ដេចយាង​ចាកចេញពីកម្ពុជា កាល​ពី​​ថ្ងៃ​​ទី២៦ ខែសីហា ឆ្នាំ២០១៩ ដែលនេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ របស់​ព្រះអង្គ​ រៀ​ងរាល់​៦ខែម្ដង យាងទៅ​កាន់រាជធានីប៉េកាំង​សា​ធារណរដ្ឋ​ប្រជា​មា​និ​តចិន ដើម្បីពិនិត្យ និង​ព្យា​បា​​ល​ព្រះរាជ​សុខភាព៕

ដោយ ​ជឹម ណារី