អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដាំដើមក្រវ៉ាន់ចំនួន៣០០ដើម និងឈើធ្នង់៧០ដើម នៅមុខអង្គរ

AKP សៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដាំដើមក្រវ៉ាន់ចំនួន៣០០ដើម ឈើធ្នង់៧០ដើម និងស្មៅបៃតងនៅទីតាំងអតីតចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្ត ក្នុង គោលបំណងបង្កើនទេសភាពបៃតង និងសោភណភាពស្រស់បំព្រង នៅជុំវិញបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក យិន សូវ៉ាត មន្រ្តីនាយកដ្ឋានគ្រប់គ្រង់ព្រៃឈើទេសភាព និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងកាលពីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ថា តាមផែនការនៃគម្រោងការរៀបចំនាពេលនេះ គឺមានទាំងការដាំស្មៅចំនួន៩ពាន់ម៉ែត្រការ៉េ ធ្វើទ្រើងដាំដើមផ្កាក្រវ៉ាន់ព័ទ្ធជុំវិញចំនួន៣០០ដើម និងឈើធ្នង់៧០ដើម ហើយ​គម្រោង​នេះ ​និង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ​។ លោកបន្តថា បន្ទាប់ការងារនេះបាន​បញ្ចប់នៅមុខប្រាសាទអង្គរនេះ និងកាន់តែមាន​ទេសភាពបៃតង និងសោភណភាពស្រស់បំព្រង។

លោក យិន សូវ៉ាត បានបញ្ជាក់ថា ក្រៅពីការដាំដើមផ្កាក្រវ៉ាន់ ឈើធ្នង់ រួមជាមួយស្មៅបៃតងនៅមុខអង្គរនេះ អាជ្ញាធរ​អប្សរាក៏មានគម្រោងដាំដើមរំដូល ចំនួន៣០០ដើម នៅមាត់ស្រះស្រង់ផងដែរ។

សូមបញ្ជាក់ថា ទីតាំងអតីតចំណតបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តត្រូវបាន បញ្ឈប់នូវប្រតិបត្តិការចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដោយតម្រូវឱ្យយានជំនិះ គ្រប់ប្រភេទចូលចតក្នុងចំណតរៀបចំរួចរាល់ដែលស្ថិតនៅផ្នែកខាងត្បូងឈៀងខាងលិច និង ចម្ងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស់ ហើយតំបន់នេះបានប្រែក្លាយទៅជាទេសភាព បៃតង និងសោភណភាពស្រស់បំព្រង មានផ្ការីកស្រស់បំព្រងតាមបណ្តោយផ្លូវនៅមុខអង្គរ ធ្វើឱ្យអារម្មណ៍អ្នកទេសចរដែលមាន​មកកម្សាន្តនៅតំបន់នេះស្រស់ថ្លា និងរីករាយ ជាពិសេស ទាក់ទាញ់ភ្ញៀវឱ្យមកកម្សាន្តនៅខេត្តសៀមរាបឱ្យបានច្រើន៕

ដោយ ឃុត សៅ