ការប្រកួតកីឡាគុនខ្មែរជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ គ្រោងចាប់ផ្តើមនាដើមសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ — សហព័ន្ធប្រដាល់គុនខ្មែរគ្រោងនឹងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើង​ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលនឹងប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការត្រៀមរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០១៩ នៅទីស្នាក់ការសហព័ន្ធប្រដាល់គុនខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្ដម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ​ឆ្នាំ២០១៩នេះ មាន១៥សមាគម ក្រសួង រាជធានី ខេត្តចូលរួមប្រជែងមេដាយ ដែលមាន​កីឡាករ-កីឡាការិនីចំនួន១៣០នាក់ នឹងត្រូវប្រកួតលើ៨ប្រភេទទម្ងន់ រួមមាន៖ ទម្ងន់៨គីឡូ​ក្រាម, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧  និងប្រភេទទម្ងន់ ៧១គីឡូក្រាម។

សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរ និងការប្រកួតប្រដាល់សកល​ត្រូវបានរៀប​ចំដោយឡែកពីគ្នា មិនរៀបចំប្រកួតជាមួយគ្នាដូចជើងឯកថ្នាក់ជាតិ នាឆ្នាំកន្លងទៅនោះទេ ប៉ុន្តែពិធីបើក និងពិធីបិទត្រូវបានរៀបចំជាមួយគ្នា និងក្នុងពេលដំណាលគ្នា។ ការប្រកួត​ប្រដាល់​​គុនខ្មែរគ្រោងនឹងប្រកួត នាថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា នៅស្តាតចាស់ ខណៈការ​ប្រកួតប្រដាល់សកលគ្រោងនឹងធ្វើឡើងនាថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ដូចគ្នា នៅសាល​ហ្វឹក​ហាត់កីឡាប្រដាល់នៃពហុកីឡដ្ឋានជាតិ៕

ដោយ ហេង ណាលីន