សម្តេចតេជោ ស្នើឱ្យសាលាឯកជន និងរដ្ឋពង្រឹងវិស័យអប់រំឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីដើរឱ្យទាន់បណ្តាប្រទេសអភិវឌ្ឍន៍

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ -បើទោះបីជាវិស័យអប់រំផ្នែកឯកជន និងរដ្ឋបាននិងកំពុងតែចូលរួមចំណែកក្នុងការអភិវឌ្ឍ​វិស័យ​អប់រំនៅកម្ពុជាយ៉ាងណាក្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណាចក្រកម្ពុជា បានស្នើឱ្យ​សាលាឯកជន និងសាលារដ្ឋ បន្តពង្រឹងចូលរួមពង្រីក​វិស័យ​អប់រំដើម្បីដើរឱ្យទាន់បណ្តាប្រទេសដែលមានការរីកចម្រើន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិសរុប ចំនួន១.១៨៣នាក់ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីជានៅតាមសាលាឯកជន និងរដ្ឋមួយចំនួន បានទទួលការអប់រំល្អ ហើយសិស្ស និសិ្សតដែលបញ្ចប់ការសិក្សា ទទួល​បានការងារធ្វើច្រើនយ៉ាងណាក្តី សម្ដេចតេជោស្នើសុំដល់សាលារឯកជន ក៏ដូចជាសា​លារដ្ឋ ត្រូវបន្តខិតខំចូលរួមពង្រឹងវិស័យអប់រំឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីដើរឱ្យទាន់សម័យកាល​នៃការអភិវឌ្ឍ។ សម្តេចតេជោបានបន្ដថា វិស័យអប់រំនៅកម្ពុជាបានកំពុងមានការរីកចម្រើន​យ៉ាងខ្លាំង ខណៈនៅឆ្នាំ១៩៧៩ វិស័យអប់រំនៅមានកម្រិតចទាប។ សម្តេចតេជោក៏បាន​សម្តែងការ​សោកស្តាយចំពោះបុគ្គលម្នាក់ បានប្រមាថជាតិសាសន៍ខ្មែរ ប្រៀបដួចជាកំពុង​មើល​ងាយដល់អ្នកសិក្សានៅក្នុងសាលានៅកម្ពុជា។ សម្តេចតេជោបញ្ជាក់បន្ថែមថា “​នៅ កម្ពុជា ​អ្នក​កំពុងធ្វើការមិនមែនជាអ្នករៀនមកពីបរទេសទាំងអស់នោះទេ គឺភាគី​ច្រើនពួកគេ​​រៀននៅស្រុកខ្មែរ”៕

ដោយ ប៊ុនរិទ្ធ