ប្រជាពលរដ្ឋនៅស្រុកស្ទោង ខេត្តកំពង់ធំ រៀបចំការប្រណាំងទូកផ្កាចារ ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រពៃណី ទំនៀមទម្លាប់

AKP កំពង់ធំ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ -ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តប្រពៃណី ទំនៀមទម្លាប់ និងជំនឿ សាសនា ដែលបានរៀបចំពិធីបុណ្យអុំទូកផ្កាចារ ដើម្បីចូលរួមថែរក្សា និងអភិរក្សតាម ប្រពៃណី ជំនឿ ដែលមានតាំងពីបុរាណមក។ ការរៀបចំពិធីអុំទូកផ្កាចារនេះ បានធ្វើឡើង នៅថ្ងៃភ្ជុំបិណ្ឌ និងក្រោយថ្ងៃភ្ជុំបិណ្ឌ ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ ថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៩។

ព្រះចៅអធិការវត្តករណីដើម (ហៅវត្តក្តីដើម) ព្រះនាមភិក្ខុញាណបញ្ញា សុខ សំបូរ បានមានសង្ឃដីការថា ការរៀបចំពិធីអុំទូកផ្កាចារ ក្នុងថ្ងៃភ្ជុំបិណ្ឌ និងក្រោយថ្ងៃភ្ជំបិណ្ឌ នៅក្នុង​ស្រុកស្ទោង ស្ថិតនៅមុខវត្តករណីដើម (ហៅវត្តក្តីដើម)នេះ គឺមានតាំងពីបុរាណមក ដែលតាម​ពាក្យតំណាលតៗគ្នាប្រហែលជាង៤០០ឆ្នាំមកហើយ។ ប៉ុន្តែត្រូវអាក់ខានកន្លងមក ព្រោះ ប្រទេសជាតិមាន​សង្រ្គាម ហើយក្រោយមកសម័យកាល មានសុខសន្តិភាពបានចាប់​ផ្តើម​ធ្វើឡើងវិញជារៀងរាល់ ឆ្នាំបន្តរហូតមកដល់បច្ចុប្បន្ន។

បើតាមការបញ្ជាក់របស់លោក ណែត សារី អភិបាលស្រុកស្ទោង ខេត្ដកំពង់ធំបានលើក ឡើងថា ការប្រណាំងទូកផ្កាចារ នៅក្នុងស្រុកស្ទោង គឺមានរាប់រយឆ្នាំមកហើយ ដែលជា​មរតក​​របស់ដូនតាយើង ជាពិសេសគឺប្រពៃណីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គឺជារៀង​រាល់​ឆ្នាំ ការអុំទូកផ្កាចារនេះ មិនបានចាប់ជាលេខរៀង ឬប្រកួតយកចំណាត់ថ្នាក់ លេខ១ ឬលេខពីរនោះទេ។ ប៉ុន្តែនេះគឺជាទំនៀមទម្លាប់មួយនៃការបន់ស្រន់សុំសេចក្តីសុខ ដើម្បី កុំឱ្យមានជំងឺបៀតបៀន។ លោកបានបញ្ជាក់ថា សម្រាប់កីឡាករទូក និងអ្នករាំក្បាល​ទូក តែងតែលាបមុខ តែងខ្លួនជាកំប្លុកកំប្លែង ទៅតាមចំណង់ចំណូលចិត្ត ទៅតាមលក្ខណៈ​ពិសេសនៃទូករបស់ខ្លួន ដែលទូកខ្លះ មានគូររូបគំនូរនៅលើផ្នែកក្បាលទូករៀងៗខ្លួន ឬ សរសេរ​ជាអក្សរភាសារចិន ឬភាសារផ្សេងទៀត ដែលបញ្ជាក់ពីការឆ្លងដែនដី មកភ្នាល់ យកជ័យលាភីផង។ លោកអភិបាលស្រុកបានបន្តថា ការប្រណាំងទូកផ្កាចារនេះ​គឺបានផ្ដល់នូវ អត្ថប្រយោជន៍៤យ៉ាងធំៗគឺ ទី១ ជាទីកន្លែងសម្រាប់សប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ​នៅក្នុងស្រុកស្ទោងដែលធ្លាប់សប្បាយតាំងពីយូរយារណាស់មកហើយ។  ទី២ ការប្រណាំង​ទូក​​ផ្កាចារនេះ គឺជាប្រភេទកីឡាផ្ដល់ភាពរីករាយ និងសាមគ្គីភាពផ្ទៃក្នុង​និងការស្រុះស្រួលគ្នា​ដើម្បីយកជ័យជម្នះលើគូប្រកួត។ ទី៣ កាត់បន្ថយការដើរលេងកម្សាន្តឆ្ងាយដែល​អាចនាំឱ្យ មានគ្រោះថ្នាក់ជាយថាហេតុ។ ទី៤ ជាកន្លែងទេសចរណ៍មួយដែលនាំចំណូល​ដល់ប្រជាពល រដ្ឋក្នុងស្រុកដែលទស្សនិកជនជិតឆ្ងាយមកញ៉ាំអាហារ ចាក់ប្រេងសាំង ទិញត្រីងៀត សាច់​ក្រក ជាដើម ៕ដោយ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដកំពង់ធំ