ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជាង១.០០០នាក់ និងប្រកាសផ្សព្វផ្សាយសៀវភៅ«ហ៊ុន សែន កម្ពុជា»

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​អញ្ជើញ ជាអ​ធិប​តី​ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិ​ស្សិ​ត​​ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១.១៨៣នាក់ ក្នុងនោះ​នារីចំនួន ៦៣៥​នា​​ក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន ក​ម្ពុ​ជា»  នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ​​២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

តា​មរបាយកាណ៍របស់សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន​ឱ្យដឹងថា និស្សិ​តជ័យលាភីនេះ មានឱកាសទទួលបានការងារធ្វើប្រមាណ៩៦.៥៣ភាគរយ។ គិតមកដ​ល់​​ឆ្នាំសិក្សា២០១៨-២០១៩ សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិត បានបញ្ចប់​ការសិក្សា​ស​រុបចំនួន១.៩១៨នាក់ ក្នុងនោះនារី៩៤៩នាក់។ សាកលវិទ្យាល័យ «ប៊ែលធី​អន្តរជាតិ» បា​ន​​​និ​ងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សា​អន្តរជាតិ។ ទន្ទឹមនេះ សម្រាប់​កម្ម​វិធីសិក្សាជាភាសាជាតិ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស និងកម្មវិ​ធី​សិ​ក្សា​អន្តរជាតិ បង្រៀនជាភាសាអង់គ្លេស១០០ភាគរយ និង​មានបង្រៀន៥កម្មវិធីសិក្សាធំៗ ដូចជា  ថ្នា​ក់បំប៉នភាសាអង់គ្លេស-ចិន-ជប៉ុន ថ្នាក់វិជ្ជាជីវៈ​គរុកោសល្យ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិ​ញ្ញា​ប​ត្រ​​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ក្រៅពីនេះ សាកល​វិទ្យាល័យ បានយកចិត្ត​ទុកដាក់លើក​កម្ព​ស់​វិ​ស័​យអប់រំ ដោយផ្តោតទៅលើសីលធម៌ និង​គុណធម៌ និងអប់រំនិស្សិតឱ្យស្គាល់ច្បាស់ពី​អត្ត​ស​ញ្ញា​ណជាតិរបស់ខ្លួន ឱ្យចេះស្រឡាញ់​ប្រទេស​ជាតិ មាតុភូមិ គោរពច្បាប់រដ្ឋ មិនរើស​អើង​ជាតិសា​សន៍ អនុវត្តន៍តាមបទ​បញ្ជាផ្ទៃ​ក្នុងរបស់ប៊ែលធី និងអប់រំឱ្យមានទាំងចំណេះដឹង និង​ចំ​ណេះធ្វើ ដែលមានលក្ខណៈវិទ្យា​សាស្ត្រខ្ពស់ ស្របតាមការរីកចម្រើន ផ្នែកបច្ចេកវិទ្យា និង​ប​ដិ​វ​ត្តន៍ឧ​ស្សា​ហកម្មជំនាន់ទី៤.០ របស់សកលលោកនាពេលបច្ចុប្បន្ន។  ជាមួយនឹងការចែកស​ញ្ញា​ប​ត្រ ក៏​មានពិធីប្រកាស​ផ្សព្វ​ផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» ផងដែរ  ដែលសៀវភៅ «ហ៊ុ​ន​ សែន ក​ម្ពុជា» នេះ ត្រូវ​បានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយ​បាន​បញ្ច​ប់​ជាស្ថា​ពរ​នៅ​ខែឧសភា ឆ្នាំ២០១៩។ សៀវភៅនេះ រៀបរៀងឡើងក្នុងគោលបំណងចងក្រង ឯ​ក​សារជា​ប្រវត្តិ​សាស្ត្រដ៏មានសារៈសំខាន់ និងគោលនយោបាយបង្រួបបង្រួមជាតិ និងអភិ​វឌ្ឍន៍​​ប្រ​ទេ​ស​ពីគំនរបាក់បែក ដោយសារសង្គ្រាម និងការបំផ្លាញខ្ទេចខ្ទីក្នុងរបបប្រល័យ​ពូជ​សា​ស​ន៍​ ប៉ុល ព​ត។ ក្រៅពីនេះ ប្រមូលចងក្រង នូវអនុសាសន៍ប្រកបដោយគតិបណ្ឌិត របស់សម្តេ​ច​តេជោនា​យ​ករដ្ឋមន្ត្រី ដើម្បីទុកជាឯកសារដ៏មានតម្លៃបំផុតជូនដល់សិស្ស-និស្សិត និងអ្នក​សិ​ក្សា​គ្រប់ម​ជ្ឈ​ដ្ឋាន ធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិពិស្តារ និងការតស៊ូរបស់ថ្នាក់ដឹកនាំ ដែ​ល​បា​នលះ​បង់​គ្រប់បែបយ៉ាង និងហ៊ានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ហើ​យ​បន្តការ​ពា​រ កសាង ស្វែងរកសុខសន្តិភាព និងអភិវឌ្ឍន៍ជូនប្រទេសជាតិ រហូតមកដល់ប​ច្ចុ​ប្ប​ន្ន​​។ ជាមួយគ្នានេះ សៀភៅ​ «ហ៊ុន សែន កម្ពុជា» នេះបោះពុម្ភជាលើកទី១ ចំនួន ៣៣.៩៨៧​ក្បាល៕

ដោយ ជឹម ណារី