ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ -កាលពីថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការ និងក្រុមការងារសាខាកាកក្រហមកម្ពុជាខេត្តជាច្រើននាក់ទៀត។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន​ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន  រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ដែលជួបគ្រោះទឹកជំនន់នៅក្នុងរដូវវស្សាឆ្នាំនេះ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុក ដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសាទឹកឆ្អិន និងដេកក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺរាករួស និងជំងឺផ្សេងៗទៀត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យទាន់ពេលវេលា។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថាន ស្អាត មានអនាម័យ ត្រូវដេកក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ៗ និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអាសិរពិសផ្សេងៗ នៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យទៅលេងទឹក ។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រថានកាកបាទក្រហមកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជាប់ជាប្រចាំ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីផលប៉ះពាល់ធ្វើយ៉ាងណាឱ្យបានអតិបរមាបំផុត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង ២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន មី១កេស, ត្រីខ១០កំប៉ុង  អង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ប្រេងឆា១យួរ សាប៊ូម្សៅ១កញ្ចប់ ធុងជ័រ២ និងប៊ីដុងទឹក២ ផងដែរ ៕

ដោយ បៃ ស៊ីថុន