ឯកឧត្ដម ប៉ា សុជាតិវង្ស អញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ — កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញ  និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូល រួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី  នៅខណ្ឌចំការមន និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានី ព្រមទាំង ប្រជាពលរដ្ឋចំនួន៥៦៣នាក់ផងដែរ។

នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ និងសំណូមពរ ដើម្បីឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជូនពួកគាត់ ហើយសំណើ និងសំណូមពរទាំងនោះ គឺផ្តោតលើបញ្ហាលូ សំរាម ភ្លើងបំភ្លឺផ្លូវ គ្រឿងញៀន និងសន្ដិសុខជាដើម។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធឡើងនូវវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាពេលនេះ គឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុ ក្រឹត្យលេខ២១៥អនក្រ.បក ចុះថ្ងៃទី១៤  ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល តម្រូវឱ្យក្រុមប្រឹក្សារាជធានីភ្នំពេញ តម្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅ តាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានា ក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ។

ឯកឧត្ដមបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍ មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យ មើលលើការផ្តល់ សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីធានាថារាល់ បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណងជំរុញនូវ ប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។

ឯកឧត្ដមបន្តទៀតថា រាល់សំណើ និងសំណូមពរដែលបងប្អូនបានដាក់ជូន ក្រុមរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨កន្លងមក ក្រុមប្រឹក្សាបានឱ្យគណៈអភិបាលធ្វើការ ដោះស្រាយជូនជាបន្តបន្ទាប់ និងសំណូមពរមួយចំនួនដែលពាក់ព័ន្ធ នឹងថវិកាអភិវឌ្ឍន៍ របស់រាជធានី ខណ្ឌនោះ ក្រុមប្រឹក្សារាជធានីបាន ឱ្យមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធដាក់បញ្ចូល ទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ ឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ ហើយ នឹងបានធ្វើការដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ៕

ដោយ សួស សំរិត