គ.ជ.ប បង្ហាញភាពឯករាជ្យក្នុងការអនុវត្តការងារ ដល់អ្នកដឹកនាំនយោបាយវ័យក្មេងអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០១ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មា​ធិកា​រជាតិ​រៀប​ចំ​កា​របោះឆ្នោត (គ.ជ.ប) បានទទួលជួ​បស​វ​នា​កា​រ​ជា​មួ​យ​​​គណៈប្រតិភូក្រុ​មប្រឹក្សាអ្នកដឹ​កនាំ​ន​យោ​​បាយវ័​យក្មេង មកពី​សហ​រ​ដ្ឋ​​អាមេរិក(ACYPL) នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ នៅទី​ស្តី​ការ គ.ជ.ប ដើម្បីបកស្រាយសំណួរផ្ទាល់មាត់ និងសំណួរជាសំណេរមួយចំនួនដល់ក្រុមប្រឹក្សាអ្នកដឹក​នាំ​ន​យោ​​បាយវ័​យក្មេងមកពី​សហ​រ​ដ្ឋ​​អាមេ​រិ​ក​ឱ្យ​បា​ន​យល់ច្បាស់ ពីដំណើរការរៀបចំបោះ​ឆ្នោត ដោយត្រឹ​ម​ត្រូ​វ​នៅ​ក​ម្ពុជា។

បន្ទាប់ពីជំនួបសវនាការនោះ  ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បាន​ប្រាប់​អ្នក​សារ​ព័​ត៌​មា​នថា ប្រធានគ.ជ.ប បានពន្យល់និងធ្វើបទ បង្ហាញជា ច្រើនពាក់ព័ន្ធឯករាជ្យភាពរបស់ គ.ជ.ប ដើម្បីឱ្យ​ប្រជាពលរដ្ឋទទួលយកបាន ដោយភាព ជឿទុកចិត្តបាន ប្រជាពលរដ្ឋបានចូលរួមទាំងអស់គ្នា គ.ជ.​ប​ មិ​ន​​​ប្រកា​ន់និន្នាការ នយោបាយអនុវត្តន៍ដោយតម្លាភាព មានការទទួលខុសត្រូវ ចំពោះមុខប្រ​ជា​ព​ល​រ​ដ្ឋ ស្រ​​ប​តា​មច្បាប់និងធានាឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទទួលយកបាន។

ឯកឧត្តមបានឱ្យដឹងថា ប្រធាន គ.ជ.ប បានបញ្ជាក់ប្រាប់ក្រុ​មប្រឹក្សាអ្នកដឹ​កនាំ​ន​យោ​​បាយវ័​យ​ក្មេ​​ងម​កពី​សហ​រ​ដ្ឋ​​អាមេរិក (ACYPL)ថា « គ.ជ.ប រក្សាឯករាជ្យរបស់ខ្លួន ដោយ អនុវត្តន៍តាមច្បាប់ គឺមិ​ន​តា​មគណបក្សនយោបាយណាមួយទេ ពីព្រោះថា ច្បាប់ចែងអំពី ឯករាជ្យភាពនិងភាពមិនលំអៀង គឺ គ.ជ.ប មិនចំណុះអ្នកណា មិនចំណុះគណបក្ស នយោបាយណាទេគឺ គោរពតាមច្បាប់ ធ្វើទៅតាមច្បាប់ នោះ​គឺធានាបាននូវភាព ឯករាជ្យហើយ»។

លើសពីនេះទៅទៀត គ.ជ.ប គោរពសាធារណមតិ ដោយអញ្ជើញគ្រប់ភាគីពាក់ព័ន្ធ មកជួបជុំគ្នា ជជែកគ្នា  នៅពេលមានបញ្ហាម្តងៗដើម្បីរកដំណោះស្រាយមួយ ឬច្រកចេញមួយ ដែល​ទាំងអស់​គ្នាអាចទ​ទួលយ​កបា​ន​ដើ​ម្បីរក្សាស្ថិរ​ភាពក្រោ​យការបោះឆ្នោត។ ទន្ទឹម នេះ ដើម្បីអនុវត្តន៍គោលការណ៍ទាំងឡាយឱ្យបានជោគជ័យ គ.ជ.ប មានត្រីវិស័យចំនួន​៧ដើ​ម្បី​ជា​បន្ទាត់អនុវត្តន៍គឺ​ ឯករា​ជ្យ​ភា​ព អព្យាក្រឹត្យភាពឥតលំអៀង សុចរិតភាព តម្លាភាព ប្រសិទ្ធភាព និងភាពជាអ្នកបម្រើសេវា។ ជាមួយគ្នានោះ ប្រធាន គ.ជ.ប ក៏បានលើក ​គោលការណ៍ សំខាន់ៗចំនួន៤គឺ៖  សាកល សេរី សម្ងាត់ និងការបោះឆ្នោតដោយផ្ទាល់ ដោយឈរ លើគោលការណ៍ច្បាប់ជាតិ អន្តរជាតិ​និង​កតិកា​ស​ញ្ញាអ​ន្តរ​ជា​តិ​មួយចំនួនដែល គ.ជ.ប ត្រូវអនុវត្តន៍ឱ្យត្រឹមត្រូវតាម​វិជ្ជាជីវៈនិងស្រប​ទៅនឹ​ងប្រព័ន្ធប្រជាធិបតេយ្យ។

បើតាមអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលក្រុ​មប្រឹក្សាអ្នកដឹ​កនាំ​ន​យោ​​បាយវ័​យក្មេងមកពី​សហ​រ​ដ្ឋ​​អាមេរិក(ACYPL) មកឈ្វេងយល់ពីគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន