ឯកឧត្ដម គន់ គីម ចុះពិនិត្យពីផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ  នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះត្រួត ពិនិត្យអំពីផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ កាលព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម រួមជាមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រជុំ មួយជាមួយឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ជាមួយមន្ទីរ និងអង្គភាពពាក់ ព័ន្ធនានាក្នុងខេត្តក្រចេះ ដើម្បីសិក្សាពីតម្រូវការក្នុងការស្តាឡើងវិញ តាមវិស័យនិមួយៗ ជាពិសេសគឺវិស័យកសិកម្ម ដែលត្រូវស្តាឡើងវិញជាបន្ទាន់ ដើម្បីធានាថា រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធអាចផ្តល់ពូជស្រូវ ពូជដំណាំ និងមធ្យោបាយគាំទ្រ ផ្សេងៗដល់ប្រជាកសិករបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញ នៅពេលដែលទឹក កំពុងតែស្រកចុះនៅចុងខែកញ្ញា និងដើមខែតុលានេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរខេត្តនិងអជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានកិច្ចសហការយ៉ាងល្អ ជាមួយតំណាងរាជរដ្ឋាភិបាលក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ ឯកឧត្ដមបញ្ជាក់ថា ការចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋាននេះ ដើម្បីសិក្សាឈ្វេងយល់ពីផលប៉ះពាល់ និងការ ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងគ្រោះ និងឈ្វេងយល់ពីតម្រូវ ការជាក់ស្តែងក្រោយពីទឹកជំនន់។

ឯកឧត្ដមអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ ទៀថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបានសម្រេចជាបន្ទាន់ ដើម្បីផ្តល់ស្រូវពូជសម្រាប់ប្រជាកសិករក្នុងការស្តាឡើងវិញឱ្យទាន់ពេលវេលា ដែលស្រូវ ពូជទាំងនោះគឺជាប្រព័ន្ធស្បៀងបម្រុងកម្ពុជា។

ឯកឧត្ដមបានបង្ហាញថា ចំពោះតំបន់ភូមិសាស្ត្រដែលមិនអាចដាំដុះស្រូវទាន់ ពេល វេលាបាន គឺត្រូវសិក្សាលទ្ធភាពជាក់ស្តែងក្នុងការដាំដុះដំណាំរួមផ្សំផ្សេងៗ ជំនួសវិញដែលការ គាំទ្រការស្តាឡើងវិញក្នុងវិស័យកសិកម្មនេះ ត្រូវធ្វើឡើងក្នុងកម្រិតយុទ្ធសាស្ត្រល្អបំផុត ដោយត្រូវផ្តល់ជាកញ្ចប់ដែលមាន ពូជ ទឹក បច្ចេកទេសនិងផ្នែកខ្លះត្រូវមានប្រេងផងដែរ៕

ដោយ ជួន សុជាតិ