ជម្រើសជាតិប្រដាល់សកល៣នាក់ ត្រូវបង្កើនការហ្វឹកហាត់នៅទីក្រុង OSAKA ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ — ក្រុមជម្រើសជាតិប្រដាល់សកល៣នាក់ ក្នុងនោះកីឡាការិនី ២នាក់កំពុងបង្កើនការហ្វឹកហាត់ នៅទីក្រុង OSAKA ប្រទេសជប៉ុន រយៈពេល៣ខែ ដើម្បីត្រៀមចូលរួម ប្រជែង មេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងធ្វើឡើង​នាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៩។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ប្រាប់ទី​ភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃនេះថា កីឡាករសកលជម្រើសជាតិ៣នាក់ ដែល​កំពុងហ្វឹកហាត់បង្កើនគុណ ភាពបច្ចេកទេសនៅ ប្រទេសជប៉ុននេះ រួមមាន កីឡាករ ណាត សៀកនិន ហៅពេជ្រ ម្ទេសខ្មាំង ដែល គ្រោងនឹងប្រកួត លើវិញ្ញា សាទម្ងន់ ៥៦គីឡូក្រាម និងកីឡាការិនី នូ ស្រីពៅ ទម្ងន់៥១គីឡូក្រាម និង កីឡាការិនី វី ស្រីខួច ទម្ងន់៦០ គីឡូ ក្រាម ដែលនឹងត្រូវបន្តការហ្វឹកហាត់នៅទីនោះ រហូតដល់ថ្ងៃជិតថ្ងៃ ស៊ីហ្គេម នៅ ប្រទេសហ្វីលីពីន ចូលមក ដល់។ ចំពោះកីឡាប្រដាល់សកលមួយចំនួនទៀត កំពុងបង្កើនការហ្វឹកហាត់ដូចគ្នា នៅប្រទេសថៃ បន្ទាប់ពីបង្កើនការហ្វឹកហាត់នៅក្នុងស្រុក។លោកអគ្គលេខាធិការរូបនេះរំពឹងថា ជាមួយនឹងការខិតខំប្រឹងប្រជែងរបស់កីឡាករ កីឡា​ការិនី​របស់ខ្លួន នឹងកាន់តែមានប្រៀប ក្នុងការឈានដល់ប្រជែងមេដាយជាក់ជាមិនខាន ដោយតាមការគ្រោងទុក កីឡាករ កីឡា ការិនីជម្រើសជាតិប្រដាល់សកលសរុប​មានចំនួន​៧នាក់។ ប្រភេទកីឡាប្រដាល់សកលនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់​ចូល​ក្នុងប្រភេទកីឡាសក្តានុពល ក្នុងចំណោមប្រភេទកីឡាសក្តានុពលចំនួន៩ ស្របពេល ដែល​ប្រភេទកីឡាសរុបមានចំនួន៣០ ត្រៀមស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩នេះ៕

ដោយ ហេង ណាលីន