រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ មូលនិធិរូបិយវត្ថុអន្តរជាតិតែងតែពង្រឹងកិច្ចសហប្រតិបត្តិការ និងចូលរួមយ៉ាងសកម្មក្នុង​ការអភិវឌ្ឍប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា មូលនិធិរូបិយវត្ថុអន្តរជាតិ ជានិច្ចកាលតែងតែពង្រឹងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះនៅចំពោះមុខក្រុមការងារបេសកកម្ម  Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Jarkko Turunen ជា​ប្រធានបេសកកម្ម និងរួមជាមួយសមាជិកគណៈប្រតិភូ ដែលបានចូលជួបសម្ដែងការគួរសម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីផ្ទាល់កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពេ​លក្រុមការងារបេសកកម្មទាំងនោះ​ចុះបំពេញបេសកកម្មសម្រាប់ រយៈពេល ២សប្តាហ៍ នៅកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «មូលនិធិរូបិយវត្ថុអន្តរជាតិបន្តរួមចំណែក រក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន និងមន្រ្តី​ជំនាញរបស់កម្ពុជា លើការវាយតម្លៃហានិភ័យក្នុងនិងក្រៅ ដើម្បីប្រែក្លាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាទាំង ឡាយឱ្យទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា តាមរយៈការដាក់ចេញនូវវិធានការកែទម្រង់ជាយុទ្ធ សាស្រ្ត និងជាកញ្ចប់ក្នុងរយៈពេលខ្លី មធ្យម និងវែង ប្រកបដោយភាពបុរេសកម្ម, ភាពប្រទាក់ ក្រឡា និងភាពគ្រប់ជ្រុងជ្រោយ »។

លោក Jarkko Turunen ប្រធានបេសកកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលកំណើនសេដ្ឋកិច្ចខ្ពស់ និង ចំណូលជាតិប្រកបដោយភាពរឹងមាំ និងផ្លែផ្កា។ លោក ក៏បានថ្លែងអំណរគុណដល់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបន្តរៀបចំផ្តល់កិច្ចសហការយ៉ាងសកម្ម សម្រាប់ក្រុមការងារបេសក កម្ម Article IV ក្នុងការវាយតម្លៃក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាដោយផ្ទាល់ជាមួយអគ្គ នាយកដ្ឋាន/ ស្ថាប័នពាក់ព័ន្ធ ក្នុងឱកាសបំពេញការងារបេសកកម្មនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា ក្របខ័ណ្ឌប៉ាន់ស្មានតម្រូវការ និងប្រភពហិរញ្ញប្បទាន  ក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា គួរត្រូវ គិតគូរ និងផ្សារភ្ជាប់ជាមួយក្របខ័ណ្ឌយុទ្ធសាស្រ្ត ថវិកា ផែនការយុទ្ធសាស្រ្ត និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុរយៈពេលមធ្យមដែលបានអនុម័តរួច។

ទន្ទឹមនេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែង សេចក្តីសោមនស្សរីករាយ ចំពោះក្រុមការងារបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុ អន្តរជាតិ(IMF) ដែលតែងតែលើកកម្ពស់ភាពជាដៃគូ, ភាពជាម្ចាស់ការ,  ផ្តល់ការគាំទ្រ និងផ្តល់ អនុសាសន៍ពិតប្រាកដតាមរយៈការចុះសង្កេត និងធ្វើការវាយតម្លៃក្របខ័ណ្ឌម៉ាក្រូ សេដ្ឋកិច្ចកម្ពុជា ដោយផ្ទាល់ ចូលរួមចំណែកតម្រង់និងតម្រឹមគោលនយោបាយអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច, សង្គម, សារពើពន្ធ និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកប ដោយប្រសិទ្ធភាព ចីរភាព និងបរិយាប័ន្ន។

សូមបញ្ជាក់ថា បេសកកម្មរបស់ក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយ វត្ថុអន្តរជា​តិ​ (IMF)នេះ មានគោលបំណងចំនួន៤គឺ៖ ១.  វាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចសកល, តំបន់ និងនយោបាយភូមិសាស្រ្ត មកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ ២. វាយតម្លៃ និងផ្តល់ អនុសាសន៍គន្លឹះសម្រាប់ពិចារណាលើវិធានការគោលនយោបាយជាយុទ្ធសាស្រ្ត និងអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្តន៍ និងត្រៀមនឹងដាក់ចេញសម្រាប់ជំហានបន្ទាប់។ ៣. ការប៉ាន់ស្មានតម្រូវការ និងប្រភពហិរញ្ញប្បទានក្នុងការគាំទ្រក្រប ខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់កម្ពុជា (CSDGs) និង៤. យុទ្ធសាស្រ្តអភិវឌ្ឍន៍ សមត្ថភាពមន្រ្តីជំនាញកម្ពុជា ដែលរួមមាន ជំនាញវិភាគ និងស្តង់ដារគ្រប់គ្រង និងផ្សព្វផ្សាយទិន្នន័យ៕

ដោយ គង់ សិរីរ័ត្ន