អាជ្ញាធ​រ​ជាតិ​អប្សរា​សហការ​ជាមួយ​វិស័យឯក​ជន ​គ្រោង​រៀបចំ​ពិធី​បួង​សួង​សុំ​សេច​ក្តី​សុខ​  និងពិ​ធី​អកអំបុកនៅ​ទីលាន​ជល់ដំរី ក្នុង​ខែវិច្ឆិកាខាងមុខនេះ

AKP សៀមរាប ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ — លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរាបានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី០​១ ខែតុលា ឆ្នាំ២០១៩នេះថា អាជ្ញាធ​រ​ជាតិ​អប្សរានឹង​សហការ​ជាមួយលោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ គ្រោង​រៀបចំ​ពិធី​បួង​សួង​សុំ​សេច​ក្តី​សុខ ​និង​ពិ​ធី​អកអំបុកនៅ​ទីលាន​ជល់ដំរី ខេត្តសៀមរាប  ដែលពិធី​បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនេះ នឹងប្រារព្ធធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ហើយពិធីនេះនឹង​មាន​ព្រះ​សង្ឃនិមន្តមកពីបណ្តាប្រទេសចំនួន៥៩ចូលរួម និងបើកទូលាយឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យចូលរួមដោយសេរីផងដែរ។

លោកបាន​បន្តថា នៅ​ក្នុង​ពិធី​នេះ ​នឹង​មាន​រៀប​ចំ​ពិធី​បួង​សួងសុំសេចក្តីសុខ​តាម​បែប ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ខ្មែរ មាន​រៀបចំ​វាលស្រែមាន​ស្រូវជានិមិត្តរូប រៀបចំពិធី អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប និងមានការបង្ហាញ​ពី​វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ខ្មែរជូនដល់ភ្ញៀវទេសចរអន្តរជាតិបាន​ឃើញ និងឈ្វេង​យល់​ពី​វប្បធម៌ខ្មែរផងដែរ។

លោក ឡុង កុសល យល់ឃើញថា​ ការរៀបចំពិធីបែបនេះនៅក្នុងតំបន់​អង្គរ គឺមាន​សារៈសំខាន់ណាស់គឺ៖ ទី១.បង្ហាញពីអត្តសញ្ញាណខ្មែររបស់យើង ទី២បង្ហាញពីទំនៀប​ទំលាប់ខ្មែរយើងដែលតែងតែប្រកាន់​ភ្ជាប់ជារាង​រហូតមក។ ម្យ៉ាងទៀតនេះជាលើកទីមួយ នៅតំបន់អង្គរដែល​បាន​រៀបចំព្រឹត្តិការណ៍នេះ ក៏ជា​ចំណែក​មួយក្នុង​ការទាក់​ទាញ​ភ្ញៀវទេសចរផងដែរ​​ ព្រោះថា ភ្ញៀវទេសចរដែល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នៅ​ក្នុង​ឱ​កាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គឺ​ពួក​គេអាច​ទស្សនាការប្រណាំង​ទូក​នៅ​តាម​ដង​ស្ទឹង​នៅ​ក្នុង​ក្រុងសៀមរាប​បានហើយ​អាចមក​ទស្សនា​នៅក្នុងតំបន់រមណីយ ដ្ឋាន​អង្គរ ដោយបាន​ទស្សនាប្រាសាទ​បុរាណដ៏អស្ចារ្យផង និង​បាន​ទស្សនា​​ ការ​បង្ហាញ​ពី​ទំនៀប​ទម្លាប់ ជំនឿសាសនា ខ្មែរយើងផង។

លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ការ​គាំទ្រ​ចំពោះ​វិស័យឯក​ជន​ក្នុងការ ចូលរួម​រៀប​ចំ​ព្រឹត្តិការ​ណ៍បែប​នេះ​ ដើម្បី​លើកតម្កើងវប្បធម៌ខ្មែរយើងឱ្យកាន់តែរុង រឿងបន្តទៅ ទៀត។ ជាមួយគ្នានេះដែរលោកក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋខ្មែរទាំងអស់ជា​ពិសេសភ្ញៀវ ទេសចរបរទេសចូលរួមនៅក្នុង​ព្រឹត្តិការណ៍នេះឱ្យបាន​ច្រើន ដើម្បី​បានឈ្វេងយល់កាន់ច្បាស់ អំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ៕

ដោយ  ឃុត សៅ