កូរ៉េខាងត្បូង និងអារ៉ាប់រួមនឹងធ្វើកិច្ចចរចាការពារជាតិនៅសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ — ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េ​ខាងត្បូង និងអេមីរ៉ាត អារ៉ាប់រួម គ្រោងនឹងធ្វើកិច្ចចរចាថ្នាក់អនុរដ្ឋមន្រ្តីនៅសប្តាហ៍នេះ ​ដើម្បី​រិះរកមធ្យោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងបញ្ហាយោធា និងឧស្សាហកម្មការពារ​ជាតិ។

តាមក្រសួងបានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Park Jae-min បានចាកចេញ​ទៅ​ទីក្រុងអាប៊ុយដាប៊ី(Abu Dhabi) នៅពេលមុននេះបន្តិច ដើម្បីជួបជាមួយ​សមភាគី UAE របស់​លោក គឺលោក Matar Salem Al-Dhaheri នៅថ្ងៃពុធស្អែកនេះ​ ក្នុងកំឡុង​ពេលដែល​ភាគី​ទាំងពីរគ្រោងនឹងផ្លាស់ប្តូរទស្សនៈគ្នាលើការវាយតម្លៃលើបញ្ហាសន្តិសុខ​ក្នុង​តំបន់ នឹង​ពិភាក្សា​គ្នាពីវិធីដើម្បីជំរុញទំនាក់ទំនងផ្នែកការពារជាតិទ្វេភាគី។

ក្រសួងបានកត់សម្គាល់ថា ប្រទេសទាំងពីរបានបង្កើតអង្គភាពពិគ្រោះយោបល់កម្រិត អនុរដ្ឋមន្រ្តីក្រសួងការពារជាតិមួយកាលពីឆ្នាំ ២០១០ នៅពេលដែលកិច្ចទំនាក់ទំនងត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រជាពិសេសមួយកាលពីឆ្នាំមុន ដោយកិច្ចប្រជុំ​នេះ​ ត្រូវ​បានចូល​រួម​ដោយអនុរដ្ឋមន្ត្រីរបស់ពួកគេ។

នៅចុងសប្តាហ៍នេះ ប្រទេសទាំងពីរក៏គ្រោងនឹងរៀបចំកិច្ចពិភាក្សាសន្តិសុខ « ពីរបូកពីរ » ដែលពាក់ព័ន្ធនឹងអនុរដ្ឋមន្រ្តីការពារជាតិរបស់ពួកគេ និងអ្នកការទូតជាន់ខ្ពស់ ដើម្បីពិភាក្សាគ្នា​អំពីបញ្ហាសន្តិសុខដែលមានផលប្រយោជន៍ទៅវិញទៅមក។

តាមក្រសួងបានឱ្យដឹងទៀតថា នៅមុនពេលត្រឡប់មកមាតុភូមិវិញនាថ្ងៃសុក្រ លោក Park នឹងធ្វើទស្សនកិច្ចនៅ​អង្គភាព​ពិសេស Akh ដែលឈរជើងនៅក្នុងប្រទេសមជ្ឈិមបូព៌ា។ អង្គភាពនេះ ដែលមានកងកម្លាំង ១៤០នាក់ បាននៅទីនោះតាំងពីឆ្នាំ ២០១១ ដើម្បីជួយ​បណ្តុះ​បណ្តាលកងទ័ពក្នុងតំបន់។

ទីក្រុងសេអ៊ូល និងទីក្រុងអាប៊ុយដាប៊ី បានបង្កើតកិច្ចទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៨០ ហើយចាប់តាំងពីពេលនោះមកបានរក្សាកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)