ពលរដ្ឋជាង ២ម៉ឺននាក់បានជិះរថយន្តក្រុងឥតបង់ប្រាក់ ទៅមកស្រុកកំណើតនាបុណ្យភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ -នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលបានរៀបចំរថយន្តក្រុងសាធារណៈឱ្យប្រជាពលរដ្ឋជិះដោយឥតបង់ប្រាក់រយៈ ពេល៥ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។ បើគិតពីថ្ងៃដំណើរការដំបូង រហូតដល់ថ្ងៃចុងក្រោយនៃដំណើរការសេវារថយន្តក្រុងឥតបង់ប្រាក់នេះ មានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានរៀបចំ ដោយចេញពីភ្នំពេញទៅខេត្ត និងចេញពីបណ្ដាខេត្តចំនួន ១៨ មកភ្នំពេញវិញ។

លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃចន្ទ ២កើត ​​ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ គឺមានប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ មានចំនួនជាង ២ម៉ឺននាក់ ដោយប្រើប្រាស់រថយន្តក្រុង ១២០គ្រឿង ហើយរាល់ចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្ដល់សេវារថយន្តក្រុងជូនប្រជាពលរដ្ឋជិះទៅមកស្រុកកំណើតដោយឥតបង់ប្រាក់នេះ គឺជាការអនុវត្តតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដើម្បីដឹកប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តចំនួន ១៨ ដោយឥតបង់ថ្លៃ ក្នុងបំណងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងការកកស្ទះចរាចរណ៍ ឬក៏គ្រោះថ្នាក់តាមដងផ្លូវជាដើម។

សូមបញ្ជាក់ថា រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញទាំង ១២០គ្រឿនេះ គឺមានធ្វើដំណើរតាមផ្លូវជាតិលខ ១ ទៅមកខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ផ្លូវជាតិលេខ២ ទៅមកខេត្តតាកែវ និងខេត្តកែប។ ផ្លូវជាតិលេខ៣ ទៅមកខេត្តកំពត។ ផ្លូវជាតិលេខ៤ ទៅមកខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្លូវជាតិលេខ៥ ទៅមកខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៦ ទៅមកខេត្តកំពង់ធំ និងខេត្តសៀមរាប។ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ធ្វើដំណើរទៅមកខេត្តកំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង៕

ដោយសួស សំរិត