អនុប្រធានទី២រដ្ឋសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះនៅ ស្រុកលើកដែក

AKP កណ្តាល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ -នៅថ្ងៃចន្ទ ២កើត ​​ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និង ក្រុមការ ងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានអញ្ចើញចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយធម្មជាតិ ភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ ដែលបានធ្វើឱ្យរលំខូចខាតនៅផ្ទះសម្បែងនៅក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ចំនួន ៣៩គ្រួសារ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នោះ លោកជំទាវកិត្តិសង្ហហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់ថ្នាក់នាំ។ ជាពិសេសលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់បងប្អូនទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏ថ្នាក់ដឹកនាំនៅរួមសុខ រួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា។ ជាមួយគ្នានេះផងដែរ លោកជំទាវ និងក្រុមការងារ ក៏បាននាំអំណោយចែកជូនបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ មានគ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួនផងដែរ។

គ្រោះធម្មជាតិខ្យល់កន្រ្តាក់កន្លងទៅថ្មីៗនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣៩ គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំព្រែកដាច់ និងឃុំពាមរាំង។ គ្រោះមហន្តរាយនេះបណ្តាលឱ្យខូត ខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង ក្នុងនោះឃុំព្រែកដាច់ រលំផ្ទះទាំងស្រុង ២ខ្នង និង ប៉ើងដំបូល ៧ខ្នង ។ ឃុំពាមរាំង រងការខូចខាតរលំផ្ទះទាំងស្រុង ១០ខ្នងផ្ទះ និងរបើកដំបូល ១៤ខ្នងផ្ទះ ខូចខាតសម្ភារ ម៉ូតូ៦គ្រឿង កង់៦ និង របួសមនុស្ស១០នាក់ ៕

ដោយ ណយ នឿន