ក្រុមហ៊ុន Prince Real Estate បរិច្ចាគថវិកាចំនួន ២៣៥,២៨៥ ដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ — លោក Qiu Guoxing ប្រធានអគ្គនាយកក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងជាប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា និងសហការី បាននាំយកថវិ​កា​​ចំនួន ២៣៥,២៨៥ ដុល្លារអាម៉េរិកទៅបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគនេះធ្វើឡើងនាព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្រជាប្រចាំរបស់ លោក Qiu Guoxing ជាពិសេសពីសំណាក់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ដែលបានបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះ ឆ្លើយតបចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់រាជ     រដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជាប្រធានស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាកាយវិការណ៍ដ៏សប្បុរសនេះ គឺការរួមចំណែកក្នុងការលើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមក ដែលបង្ហាញពីការជួយ និងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងមិត្តភាពល្អរវាងប្រទេស និងវិនិយោគិន ក៏ដូចជា រវាងប្រជាជនចិន និងកម្ពុជា ដែលមានទំនាក់ទំនងជិតស្និទ ជាមួយគ្នាជាយូរមកហើយ។

ជាការឆ្លើយតប លោក Qiu Guoxing ថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលលោក និងគណៈប្រតិភូនៃក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ដើម្បីចូលរួមធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោក Qiu Guoxing ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំបន្ត និងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបណ្តាសាធារណជន ឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង និងដើម្បីភាពញញឹមរបស់កុមារ។

សូមរម្លឹកថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd បានចូលជាសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ២៩,២០៨ដុល្លារអាម៉េរិក និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក៏បានចូលជាសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ៣០,៦០០ ដុល្លារអាម៉េរិក ផងដែរ៕

ដោយ គង់ សិរីរ័ត្ន