បុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរបានចំនួន ១២៩.៣៨០ នាក់កើន៤២,០០ ភាគរយ

AKP បាត់ដំបង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ -តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចេញផ្សាយនៅល្ងាចថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃនៅទូទាំងខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរបានចំនួន ១២៩.៣៨០នាក់ កើន ៤២,០០ភាគរយ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន និង គោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តបាត់ដំបង ក្នុងរយៈពេល ៣ថ្ងៃ នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី២៧ដល់២៩ ខែកញ្ញា ឆ្នាំ២០១៩ ភ្ញៀវទេសចរ សរុបចំនួន ១២៩.៣៨០នាក់ កើន ៤២,០០ភាគរយ បើធៀបជាមួយនឹងឆ្នាំ២០១៨ មានចំនួន ៩១.១២៨នាក់ ។ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១២៩.២៤៧នាក់ កើន ៤២,០២ភាគរយ បើធៀបជាមួយនឹងឆ្នាំ២០១៨ មានចំនួន ៩០.៩២១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៣៣នាក់ មានការថយចុះ ៣៥,០៧ភាគរយ បើធៀបជាមួយនឹងឆ្នាំ២០១៨ មានចំនួន ២០៧ នាក់។ រមណីយដ្ឋានទេសចរណ៍ដែលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ រួមមាន៖ អាងទឹកកំពីងពួយ កន្លែងជិះណូរី ភ្នំបាណន់ ប្រាសាទភ្នំបាណន់ ភ្នំសំពៅ ប្រាសាទឯកភ្នំ ទស្សនាសត្វស្លាបព្រែកទាល់ ប្រាសាទបាសែតជាដើម ៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរទេសចរណ៍ខេត្តបាត់ដំបង)