ភ្ញៀវទេសចរជាតិទៅកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋាននានានៅខេត្តសៀមរាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នំានេះមានការកើនឡើងជាងឆ្នំាមុន

AKP សៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ -លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងន)រសៀលថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ថា ភ្ញៀវទេសចរមកកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋានានាក្នុងខេត្តសៀមរាប នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរសរុបចំនួនប្រមាណ ២៤៤.០៧៥នាក់ មានការកើនឡើង +៥,០១ភាគរយ បើប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៤.០៧៥នាក់ មានការថយចុះ – ៣៧,២៣ភាគរយ បើប្រៀបធៀប​​រយៈពេលដូចគ្នាឆ្នាំ២០១៨ ។ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណជាង ២៣ម៉ឺននាក់ មានការកើនឡើង +៩,៥២ភាគរយ បើប្រៀបធៀប​​រយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួនប្រមាណ ២១ម៉ឺននាក់ ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរទំាងនេះភាគច្រើនទៅលេងនៅតំបន់អង្គរ បឹងទន្លេសាប បារាយណ៍ទឹកថ្លា និងតំបន់រមណីយដ្ឋានភ្នំគូលែន ទំបន់ម្កាក់ តំបន់កំពង់ភ្លុក និងតាមតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។ ប៉ុន្តែតាមការសង្គេតរបស់មន្រ្តីជំនាញឃើញថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះក្រៅពីប្រាសាទបុរាណ ភ្ញៀវទេសចរបានស្រុកទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ ដែលមានទឹកលេងកម្សាន្តច្រើនដូចជា នៅភ្នំគូលែន តំបន់កំពង់ភ្លុក និងទំនប់ម្កាក់ ជាដើម។

ដោយឡែកសម្រាប់សេវាស្នាក់នៅគឺមានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំមានភ្ញៀវស្នាក់នៅពេញៗ ប៉ុន្តែតំម្លៃស្នាក់នៅនិងតម្លៃម្ហូបអាហារគឺមិនមានការឡើងថ្លៃហូសហេតុនោះទេ ដោយសារមន្រ្តីជំនាញបានចុះផ្សព្វផ្សាយ និងណែនាំជាប្រចាំទាំងតម្លៃសេវា និងគុណភាពចំណីអាហារ។

លោក ចាន់ សុភា អនុប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប​ បានលើកឡើងដែរថា ភ្ញៀវទេសចរជាតិឆ្នាំនេះ លោកយល់ឃើញថា ពិតជាមកកម្សាន្តនៅខេត្តសៀមរាបច្រើនមែន បើធៀបទៅនឹងកាលពីឆ្នាំមុនការកើនឡើងទ្វេដង។ លោកបានបន្តថា នៅតាមសណ្ឋាគារ តាមភោជនីយដ្ឋាន និងតាមរមណីយដ្ឋានកម្សាន្តផ្សេងៗឃើញភាគច្រើនជាភ្ញៀវជាតិ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ៕

ដោយ ឃុត សៅ