ឯកឧត្ដម កៅ អ៊ីមរ៉ន ដឹកនាំក្រុមគ្រូពេទ្យអន្តរទ្វីបព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់

AKPពោធិ៍សាត់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩– ឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) មកពីបណ្តាប្រទេសអារ៉ាប់ មានដូចជា អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី ទុយណេស៊ី ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងបណ្តាខេត្តផ្សេងៗទៀតដោយឥតគិតថ្លៃ។ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៩ នឹងបន្តរហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត និងគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងចូលរួមសម្របសម្រួលការងារពីក្រុមយុវជនសមាគមស   ម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សាខាខេត្តពោធិ៍សាត់ផងដែរ។

បើតាម ឯកឧត្ដម កៅ អ៊ីមរ៉ន បានឱ្យដឹងថា កម្មវិធីព្យាបាលនេះ គឺផ្ដោតសំខាន់ទៅលើផ្នែកវះកាត់ទូទៅ មានដូចជា ដុំគីស សាច់ដុះ សាច់ផ្លែ ឬប្រជ្រុយដុះ និងជម្ងឺដុំពកផ្សេងៗ ជម្ងឺក្លន វះកាត់កែសម្ផស្ស រោគស្រ្តីគ្រប់ប្រភេទ ជម្ងឺកុមារ ទារកដែលមានបញ្ហា រឺពិការអាវៈយវៈ ជម្ងឺវេជ្ជសាស្រ្តទូទៅដូចជា ទឹកនោមផ្អែម លើសឈាម និងជម្ងឺឆ្លងនានាជាដើម។

តាមរបាយការណ៍ពីក្រុមការងារស្ម័គ្រចិត្តចុះឈ្មោះបានបង្ហាញថា គិតត្រឹមម៉ោង ១២ និ​ង​០០នាទីថ្ងៃត្រង់ដែលជាថ្ងៃដំបូងមានបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ផ្ទាល់ និងខេត្តមួយចំនួនទៀតជុំវិញខេត្តពោធិ៍សាត់ បានមកចុះឈ្មោះទទួលសេវាព្យាបាលមានចំនួនជិត៣០០នាក់ ហើយក្រុមគ្រូពេទ្យកំពុងធ្វើការព្យាបាលជាបន្តបន្ទាប់ផងដែរ៕ 

ដោយ   សំរិត